ព័ត៌មានជាតិ

មហោស្រពគីហ្សូណា ២០២៣ រួមចំណែកដល់ការសម្រេចបាននូវចក្ខុវិស័យ អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា និងពង្រីកចំណងមិត្តភាព កម្ពុជា ជប៉ុន

មហោស្រពគីហ្សូណាជប៉ុន-កម្ពុជា ជាព្រឹត្តិការណ៍នៃចំណងមិត្តភាពដ៏រឹងមាំ រវាងប្រជាជនជប៉ុន និងកម្ពុជា និងបានបង្ហាញពីការអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពជប៉ុន និងកម្ពុជាដ៏យូអង្វែង និងកំពុងត្រូវបានពង្រីកជាបន្តបន្ទាប់។

ថ្លែងនៅក្នុងពិធីបើមហោស្រពគីហ្សូណា នារាត្រីថ្ងៃទី២៣ខែកុម្ភះឆ្នាំ២០២៣នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ឯកឧត្តម បណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំយុវជន និងកីឡាបានសម្ដែងនូវការគាំទ្រយ៉ាងពេញទំហឹងនិងថ្លែងអំណរគុណ ចំពោះ “មហោស្រពគីហ្សូណា២០២៣ ដែលបានរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា,រឹតចំណងមិត្តភាពល្អ របស់ប្រទេសទាំងពីរកម្ពុជា ជប៉ុន ហើយបានដើរតួនាទីមួយ ក្នុងការនាំឲ្យយើងទាំងអស់គ្នានូវមនុស្សដែលមានវប្បធម៌ចម្រុះគ្នា។

ជាមួយគ្នានោះ ឯកឧត្តម តាអ៊ិអ៊ុ ស៊ុនស៊ុតិ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងថា ឆ្នាំនេះគឺជាឆ្នាំនៃខួបអនុស្សាវរីយ៍លើកទី៧០ នៃមិត្តភាពជប៉ុននិងកម្ពុជា។ រយៈពេល៧០ឆ្នាំមកនេះ ចំណង មិត្តភាពនៃប្រទេសទាំងពីរបានរីកចម្រើនតាមរយៈកិច្ចសហប្រតិបត្តិការ ក្នុងដំណើការស្វែងរកសន្តិភាពនៅកម្ពុជា ការកសាងប្រទេសឡើងវិញ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា។ នាយករដ្ឋមន្ត្រី គឺស៊ីដា និងសម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានទទួលស្គាល់ភាពជឿនលឿននៃកិច្ចសហប្រតិបត្តិការ របស់ប្រទេសទាំងពីរ ហើយបានយល់ព្រមលើកកំពស់ទំនាក់ ទំនងនេះទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

 

លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការក្រសួងវប្បធម៌ បានរំលឹកថា ក្នុងរយៈពេល៧០ឆ្នាំនេះ ប្រទេសទាំងពីរ បានឆ្លងកាត់នូវប្រវត្តិសាស្ត្ររួមគ្នាជាច្រើន និងធ្លាប់បានជួយគ្នាទៅវិញទៅមកលើគ្រប់រូបភាព ដើម្បីនាំយកមកវិញនូវសុខសន្តិភាព ការអភិវឌ្ឍន៍ និងការរីកចំរើន ដែលជាប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជននៃប្រទេសទាំងពីរកម្ពុជាជប៉ុន។ ពាក់ព័ន្ធនឹងវិស័យវប្បធម៌ជប៉ុន តែងតែជួយឧបត្ថម្ភគាំទ្រដល់កម្ពុជាលើការអភិរក្ស អភិវឌ្ឍវប្បធម៌ ជាពិសេសការជួយជួសជុលប្រាសាទនានាក្នុងតំបន់អង្គរខេត្តសៀមរាប។

សូមជម្រាបថា មហោស្រពគីហ្សូណាគឺជាព្រឹត្តិការណ៍ដ៏ពិសេសមួយប្រចាំឆ្នាំ ដែលបានរៀបចំឡើងតាំងពីឆ្នាំ ១៩៩២ មក ដោយបានរួមបញ្ចូលនូវសកម្មភាពនានា ដូចជា ការសម្តែង វប្បធម៌ ការតាំងពិព័រណ៍ និងសិក្ខាសាលា ។ មហោស្រពនេះបានដើរតួយ៉ាងសំខាន់ ក្នុងការលើកទឹក ចិត្ត និងជំរុញការផ្លាស់ប្ដូរប្រជាជននិង ប្រជាជន ក្នុងផ្នែកវប្បធម៌ និងអប់រំ ក៏ដូចជាទំនុកចិត្ត និងការយល់ដឹងពីគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះបានឆ្លុះបញ្ចាំងនូវឆន្ទៈដ៏រឹងមាំរបស់ថ្នាក់ដឹកនាំ និងប្រជាជនទាំងពីរ ក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី ដែលទើបដំឡើងទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក៏ដូចជារួមចំណែកដល់ការបន្តថែរក្សានិងលើកកម្ពស់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ដែលល្អស្រាប់របស់ប្រទេសទាំងពីរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *