ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះព្រះរាជដំណាក់ ក្បែរព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប ប៉ុន្តែត្រូវបានសមត្ថកិច្ចគ្រប់គ្រង និងបាញ់ពន្លត់ភ្លាមៗ 

ខេត្តសៀមរាប៖អគ្គីភ័យឆាបឆេះព្រះរាជដំណាក់ក្បែរព្រះអង្គចេកព្រះអង្គចម បានបង្កឲ្យការភ្ញាក់ផ្អើលកើតឡើងកាលពីម៉ោងជាង១០យប់។ ភ្លាមៗនោះសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គីភ័យ និងសង្គ្រោះ បានចេញរថយន្តពន្លត់អគ្គីភ័យអន្តរាគមន៍។សមត្ថកិច្ចជំនាញមិនទាន់អាចបញ្ជាក់ពីមូលហេតុនៃការឆេះព្រះរាជដំណាក់ នៅខេត្តសៀមរាបនេះបាននៅឡើយ។

លោកទៀ សីហា អភិបាលខេត្តសៀមរាប បានបញ្ជាក់តាមបណ្ដាញសង្គមហ្វេសប៊ុកថា យើងពិតជាមានការសោកស្តាយ ចំពោះអគ្គិភ័យ ដែលបានឆាបឆេះអគារមួយ នៃព្រះរាជដំណាក់សៀមរាប ដែលជាកន្លែងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត កាលពីម៉ោងជាង១០ យប់ ស្ថានភាពពេលនេះកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង។

 

លោក ទៀ សីហា បានបន្តថា សូមថ្លែងអំណរគុណកងកម្លាំងដែលបានអន្តរាគមន៍ យ៉ាងទាន់ពេលវេលា និងសូមអរគុណបងប្អូនប្រជាពលរដ្ឋ ដែលបានបារម្ភពីឧប្បត្តិហេតុនេះ។

សូមបញ្ជាក់ថា អគ្គីភ័យនេះបានកើតឡើងនៅវេលាម៉ោង១០ និង១៥នាទីយប់ថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២៣ បណ្ដាលមកពី(ទុស្សេខ្សែភ្លើង)នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ ករណីអគ្គិភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានជួយបាញ់ទឹកពន្លត់ ហើយបានរលត់ទៅវិញទាំងស្រុង នៅម៉ោងប្រម៉ាណជាង ១២ យប់ ឈានចូលថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៣។ ជាមួយគ្នានេះដែរ លោក ទៀ សីហា អភិបាលខេត្តសៀមរាប ដឹកនាំមន្ត្រីចុះផ្ទាល់ប្រតិបត្តិការជួយពន្លត់អគ្គិភ័យនេះពីដើមរហូតដល់ចប់ផងដែរ៕ដោយ៖ស៊ាន វ៉ាន់នី(កែសម្រួលដោយ រី រិន)

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *