ព័ត៌មានជាតិ

សម្ដេចពិជ័យសេនា ទៀ បាញ់ ផ្ដល់រង្វាន់ម៉ូតូជាង១៥០គ្រឿងដល់សិស្សានុសិស្សនិទ្ទេសA នៅខេត្ដសៀមរាប

សៀមរាប៖ នៅព្រឹកថ្ងៃទី៧ខែកុម្ភ:ឆ្នាំ២០២២នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានផ្ដល់រង្វាន់ម៉ូតូចំនួន ១៥៣ គ្រឿង និងប័ណ្ណសរសើរ ដល់សិស្សានុសិស្សដែលបានប្រឡងមធ្យមសិក្សាទុតិយភូមិ ទទួលបាននិទ្ទេស A នៅមណ្ឌលខេត្ដសៀម រាប ដើម្បីលើកទឹកចិត្ដដល់ពួកគាត់ដែលបានខិតខំសិក្សារៀនសូត្រកន្លងមក។

នាឱកាសនោះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេសAចំនួន១៥៣នាក់នេះ ជាមោទនភាពមួយរបស់ខេត្តសៀមរាប ហើយសម្ដេចពិជ័យសេនាប្រកាសបន្តចែកជូនរង្វាន់ម៉ូដល់សិស្សានុសិស្ស ប្រឡងបាក់ឌុប ដែលទទួលបាននិទ្ទេសA នៅឆ្នាំក្រោយបន្តទៀត ។ សម្ដេចពិជ័យសេនា មានប្រសាសន៍ថា រាជរដ្ឋាភិបាលតែងយកចិត្ដទុកដាក់និងលើកស្ទួយដល់វិស័យអប់រំនៅកម្ពុជា ជាក់ស្ដែងការចែករង្វាន់ម៉ូតូចំនួន១៥៣គ្រឿងដល់ពួកគាត់ដែលបានប្រលងមធ្យមសិក្សាទុតិយភូមិដែលទទួលបាននិទ្ទេសA នាពេលនេះ។ម្ដេចបានបន្តថា ការប្រលងជាប់និទ្ទេស A ជាច្រើននាក់នេះ ជាមោទនភាពមួយ ដែលខេត្តសៀមរាបមានការរីកចម្រើនលើវិស័យអប់រំជារៀងរាល់ឆ្នាំ ។ ភាពរីកចំរើននៃចំណេះដឹងនេះ ដោយសារប្រទេសជាតិមានសុខសន្ដិភាព។សម្ដេចបានណែនាំឲ្យសិស្សានុសិស្សយកចិត្តសិក្សារៀនសូត្រឱ្យបានជាប់ជាប្រចាំក្នុងនាមយុវជនជាទំពាំងស្នងឫស្សី ដើម្បីលើកកម្ពស់ជីវភាពគ្រួសារ និងដើម្បីចូលរួមបំរើការងារក្នុងសង្គមជាតិ ។សម្ដេចបានអំពាវនាវដល់ប្រជាពលរដ្ឋ អាណាព្យាបាល លោកគ្រូអ្នកគ្រូ ចូលរួមបន្ដលើកកម្ពស់វិស័យ អប់រំ ឲ្យកាន់តែខ្ពស់ និងចូលរួមលើកកំពស់សុខភាភផងដែរ ដោយបន្ដអនុវត្ដវិធានការ៣ការពារ៣កុំ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៍ដូចជាក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ។

លោក លី ប៊ុណ្ណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្ដសៀមរាបលោកមានប្រសាសន៍ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងខេត្តសៀមរាប ចំនួនបេក្ខជនទទួលបាននិទ្ទេស A បានកើនឡើងជាបន្តបន្ទាប់ ដោយចាប់តាំងពីឆ្នាំ២០១៤កន្លងមក។លោកបានបន្ដថា កាលពីឆ្នាំ២០១៤ បេក្ខជនទទួលបាននិទ្ទេស A មានចំនួនសរុប ០២នាក់ ស្រី ០១នាក ក្នុងនោះម្នាក់ បានទៅ បន្តការសិក្សានៅបរទេស។នៅឆ្នាំ២០១៥ បេក្ខជនទទួលបាននិទ្ទេស A មានចំនួនសរុប ១៤នាក់ ស្រី ០៦នាក់ ក្នុងនោះ ០៧នាក់បានទៅបន្តការសិក្សានៅបរទេស។នៅឆ្នាំ២០១៦ បេក្ខជនទទួលបាននិទ្ទេសA មានចំនួនសរុប៣៦នាក់ ស្រី ១៤នាក់ ក្នុងនោះប្រមាណ ១១% បានទៅបន្តការសិក្សានៅប្រទេស។នៅឆ្នាំ២០១៧ បេក្ខជនទទួលបាននិទ្ទេសA មានចំនួនសរុប ៤៧នាក់ ស្រី ២២នាក់ ក្នុងនោះប្រមាណ ១៣% បានទៅបន្តការសិក្សានៅបរទេស។ឆ្នាំ២០១៨ បេក្ខជនទទួលបាននិទ្ទេស A មានចំនួនសរុប៣១នាក់ស្រី ១៨នាក់ ក្នុងនោះប្រមាណ ២៣% បានទៅបន្តការសិក្សានៅបរទេស ឆ្នាំ២០១៩ បេក្ខជនទទួលបាននិទ្ទេស A មានចំនួនសរុប ៣៨នាក់ ស្រី ១៥នាក់ ក្នុងនោះប្រមាណ ១៨% បានទៅបន្តការសិក្សានៅបរទេស។លោកបានបន្ដថា ដោយឡែក នៅ២០២០ បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាំងអស់ត្រូវបាន កំណត់ឱ្យជាប់ដោយស្វ័យប្រវត្តិ និងពុំទទួលបាននិរទ្ទេសនោះទេ ។

ជាមួយគ្នានោះដែរ នៅក្នុងឆ្នាំសិក្សា២០២០-២០២១នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ ភូមិមានចំនួនបេក្ខជនដាក់ពាក្យសរុប ៨៨៣២នាក់ ស្រី ៥០៣៨នាក់ មកប្រឡងសរុប៨.៦៥៩នាក់ ស្រី ៤៩៥២នាក់។ ផ្នែកវិទ្យាសាស្ត្រពិតមាន៤មណ្ឌល ត្រូវជា ១១២បន្ទប់ បេក្ខជនសរុប ២ ៧៦៤នាក់ ស្រី ១ ៧៧១នាក់។ ផ្នែកវិទ្យាសាស្ត្រសង្គមមាន៨មណ្ឌល ត្រូវ ជា ២៤៥បន្ទប់ បេក្ខជនសរុប ៦ ១១៥នាក់ ស្រី ៣ ២៨២នាក់។ បេក្ខជនបានប្រឡងជាប់សរុប ៦៤៣៤នាក់ ស្រី៣៨៥៤នាក់ ត្រូវជា៧៤,៣០% ស្រី,៧៧,៨៣% ក្នុងនោះ និទ្ទេស A សរុប ១៥៣នាក់ ស្រី ៨៩នាក់ និទ្ទេស B សរុប ៤០៥នាក់ ស្រី ២៥១នាក់និរទ្ទេស C សរុប ១.០៧៤នាក់ ស្រី ៦៩៣នាក់ និទ្ទេស D សរុប ២៣០១នាក់ ស្រី ១៤៧៦នាក់ និទ្ទេស E សរុប ២ ៥០១នាក់ ស្រី ១ ៣៥៥នាក់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *