ព័ត៌មានសិល្បះ និងកីឡា

លោក ភា សុភ័ក្ត្រា ប្រាប់អត្ថប្រយោជន៍បន្ថែមពីការប្រកួត U-23 កម្ពុជា ជាមួយ U-23 ជប៉ុន

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម២៣ឆ្នាំ (U-23)នឹងប្រកួតមិត្តភាពអន្តរជាតិ ជាមួយក្រុមបាល់ទាត់ជម្រើសជាតិជប៉ុន អាយុក្រោម២៣ឆ្នាំ ដែលនេះជាការត្រៀមដ៏សំខាន់មួយដើម្បីដកស្រងបទពិសោធន៍ ហើយក៏ជាលើកដំបូងសម្រាប់ U-23 កម្ពុជា ដែលត្រលប់មកមានការប្រកួតឡើងវិញ បន្ទាប់ពីបានបញ្ចប់បេសកកម្មក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកប្រកួតឆ្នាំ២០២២) នៅប្រទេសវៀតណាម កាលពីខែឧសភាកន្លងទៅ។

ការប្រកួតរវាង U-23 កម្ពុជា ជាមួយ U-23 ជប៉ុន គ្រោងនឹងធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងគោលដៅត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។ លើសពីនេះទៀតនោះ ក៏ជាការហ្វឹកហាត់ និងអភិវឌ្ឍសមត្ថភាពកម្លាំងស៊ុហ្វ ដែលជាផ្នែកមួយនៃបញ្ហា នៅក្នុងការប្រកួត។ នេះបើតាមសម្ដីរបស់ លោក ភា សុភ័ក្ត្រា គ្រូជំនួយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ក៏ដូចជា U-23 កម្ពុជា។

លោក ភា សុភ័ក្ត្រា បានបញ្ជាក់យ៉ាងដូច្នេះថា ៖«ដូចអ្វីដែលយើងរៀបចំគឺក្រៅតែពីផែនការត្រៀមសម្រាប់ស៊ីហ្គេម នៅក្នុងឱកាសលេងមិត្តភាពនេះ យើងបានកោះហៅកីឡាករដ៏ច្រើន ខុសពីសព្វមួយដង ពីព្រោះជាហេតុផល នៅពេលយើងមើលទៅលើកម្រិតរបស់ពួកគាត់ដែលមានគុណភាពផ្សេងៗគ្នា គុណភាពប្រហាក់ប្រហែលគ្នា មានអ្នកខ្លះមានគុណភាពខ្ពស់ ប៉ុន្តែអ្វីដែលយើងចង់បានកាន់តែខ្លាំងគឺការប្រើប្រាស់កម្លាំង»។

«ការប្រើប្រាស់កម្លាំងនេះគឺដើម្បីផ្សារភ្ជាប់ជាមួយនឹងតាក់ទិចនៃការលេងតម្រូវការខ្ពស់ផ្នែកកម្លាំងនៃការប្រយុទ្ធ បង្កើនចលនានៃការគាំទ្រ និងការប្រយុទ្ធ ក៏ដូចជារក្សាកម្លាំងឱ្យមានថិរវេលាគ្រប់គ្រាន់ដែលយើងតែងតែឃើញមកហើយថា កន្លងមកកីឡាករយើងភាគច្រើនគឺតែងតែធ្លាក់ចុះកម្លាំងក្រោយពីការរត់អស់។ អ៊ីចឹងវាជាហេតុលផលមួយនៅក្នុងន័យដើម្បីពួកគាត់បានដឹងផងដែរពាក់ព័ន្ធនឹងការហ្វឹកហាត់អភិវឌ្ឍសមត្ថភាពកម្លាំង»។ អតីតគ្រូបង្វឹករបស់សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបន្ថែម។

ជាការផ្សារភ្ជាប់ទៅនឹងការអភិវឌ្ឍកម្លាំង ក្រុមការងារជម្រើសជាតិ ដែលដឹកនាំដោយ លោក Keisuke Honda បានដាក់លក្ខខណ្ឌតម្រូវឱ្យកីឡាករដែលត្រូវបានជ្រើសរើសចូលក្រុមជម្រើសជាតិមិនថាក្រុមធំ ឬក្រុមអាយុក្រោម ២៣ឆ្នាំ (ដែលជាក្រុមត្រៀមស៊ីហ្គេម) ត្រូវធ្វើតេស្តកម្លាំងអំណត់ (30-15IFT) ចាប់ពី ២០.៥ គីឡូម៉ែត្រ/ម៉ោងឡើងទៅ។ ចំពោះការកោះហៅកីឡាករច្រើនដល់ទៅ ៣៥នាក់ គឺដើម្បីយ៉ាងហោចណាស់កីឡាករទទួលបានបទពិសោធន៍ពីការធ្វើតេស្តកម្លាំងអំណត់ដ៏សំខាន់នេះ។

គ្រូជំនួយវ័យ ៤០ឆ្នាំរូបនេះបានសង្កត់ធ្ងន់ថា ៖«មួយវិញទៀត ក៏ជាការជម្រុញទឹកចិត្ត ឬក៏លើកទឹកចិត្តពួកគាត់ដែលបានប្រឹងប្រែងបង្ហាញការប្រកួតកម្រិតខ្ពស់នៅលើទីលានសម្រាប់ក្លិបរៀងៗខ្លួន ក៏ដូចជាការសាបព្រោះដំណាក់កាលដំបូងអំពីរបៀបនៃការរត់ (30-15IFT) ហើយនៅពេលគាត់គិតថា ពេលគាត់បានចូលរួម គាត់ទទួលបានបទពិសោធន៍ ឬក៏ដឹងថា ខ្លួនឯងនៅខ្វះខាតបញ្ហាកម្លាំងនេះ ដើម្បីឲ្យគាត់ប្រឹងប្រែងជម្រុញទឹកចិត្តខ្លួនឯងក្នុងការអភិវឌ្ឍសមត្ថភាពកម្លាំង ដើម្បីឲ្យមានឱកាសមកចូលរួមលើកក្រោយទៀត»។

ក្រុមដែលប្រកួតមិត្តភាពនាពេលខាងមុខនេះ នឹងប្រមូលផ្ដុំទៅដោយសមាសភាពកីឡាករដែលមានអាយុក្រោម២៣ឆ្នាំ ត្រូវនឹងលក្ខខណ្ឌអាយុនៃការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលធ្វើម្ចាស់ផ្ទះជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ សម្រាប់ប្រភេទកីឡាដ៏មានប្រជាប្រិយភាព (បាល់ទាត់) វិញ្ញាសាបុរស អាយុក្រោម២៣ឆ្នាំ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *