សម្តេចតេជោ ហ៊ុន សែន បានប្រកាសផ្តល់បណ្ណសមធម៌ (ប័ណ្ណក្រីក្រ) និងដល់ស្ត្រីមានផ្ទៃពោះ ជូនដល់ពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯក។ ប្រជាពលរដ្ឋ នឹងទទួលបានកញ្ចប់ថវិកាពីបណ្ឌក្រីក្រ ដែលនឹងអាចមានសុពលភាពរហូតដល់១០ឆ្នាំ ទោះពលរដ្ឋមានកំរិតល្អប្រសើរនៅពេលខាងមុខក៏ដោយ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំឱ្យរដ្ឋមន្ត្រីសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចាត់ចែងរៀបចំផ្តល់បណ្ណសមធម៌ និងបណ្ណស្ត្រីមានផ្ទៃពោះ ជូនពលរដ្ឋទាំងអស់ ដែលយល់ព្រមផ្លាស់ប្តូរលំនៅពីតំបន់រមណីយដ្ឋានអង្គរ មកកាន់ភូមិធម្មជាតិរុនតាឯកដែលផ្តល់សុពលភាព ១០ឆ្នាំ។ ប្រជាពលរដ្ឋ ដែលត្រូវគេរំពឹងថា នឹងត្រូវផ្លាស់ប្តូរទីលំ នៅមកកាន់តំបន់នេះ មានប្រមាណ៦ពាន់គ្រួសារ ខណៈបច្ចុប្បន្ននេះ មានប្រជា ពលរដ្ឋចំនួន១១១៧គ្រួសារហើយ បានសម្រេចចិត្តចាកចេញ និងចាប់ឆ្នោតមក រស់នៅតំបន់រុនតាឯកនេះ។ សម្តេចតេជោ បញ្ជាក់ថា ប័ណ្ណសមធម៌នេះ នឹងផ្តល់ ថវិកាជូនដល់បងប្អូនប្រជាពលរដ្ឋ ទៅតាមចំនួនសមាជិកគ្រួសារ ដូចទៅនឹង អ្នក ដែលរងផលប៉ះពាល់ និងរងគ្រោះដោយសារវិបត្តិកូវីដ១៩។ សម្តេចតេជោ បាន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យត្រៀមបន្ថែមថវិកាជាតិ ដើម្បី ផ្តល់ជូនពលរដ្ឋបន្ថែមនៅតំបន់នេះ ដែលបើតាមសម្តេច នឹងអាចបើកផ្តល់ចាប់ ពីខែតុលានេះតែម្តង។
សូមជម្រាបថា រាជរដ្ឋាភិបាល ត្រូវចំណាយថវិកាប្រមាណ៤០លានដុល្លារអាមេរិកក្នុងមួយខែ សម្រាប់បើកផ្តល់ប្រជាពលរដ្ឋជិត៧០ម៉ឺនគ្រួសារ ស្មើនឹងជាង៣លាននាក់។ សម្តេចតេជោ បញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាលនៅតែមានកញ្ចប់ ថវិកា សម្រាប់ដោះស្រាយបញ្ហាជាតិ និងការលំបាករបស់ប្រជាពលរដ្ឋ៕