ព័ត៌មានសិល្បះ និងកីឡា

អត្តពលិកកម្ពុជា ១៦១នាក់ នឹងចេញទៅហាត់នៅចិន

CAMSOC-ភ្នំពេញ៖ កីឡាចំនួន ១២ប្រភេទរបស់កម្ពុជានឹងចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិន រយៈពេលយូរនៅពាក់កណ្ដាលខែកញ្ញានេះ ដើម្បីត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា។

ការចាកចេញរបស់ក្រុមអត្តពលិកកម្ពុជាទាំង ១២ប្រភេទកីឡា ស្មើនឹងប្រតិភូចំនួន ១៦១នាក់ គឺនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ តាមរយៈការរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្រោមជំនួយឥតសំណងពីសំណាក់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន លើការហ្វឹកហាត់របស់កីឡាករ កីឡាការិនី ជម្រើសជាតិកម្ពុជា។ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានមានប្រសាសន៍ថា ៖«ការងារនេះមានការខកខានយូរពេក ដោយសារតែបញ្ហាកូវីដ ការរឹតត្បិតការចេញចូលនៅចិន អ៊ីចឹងយើងក៏បានពន្យារពេលមកដល់ពេលនេះ។ ឥឡូវនេះយើងទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចពិជ័យសេនា ប្រធានគណៈកម្មាធិការជាតិ CAMSOC រួចហើយថា នឹងអនុញ្ញាតឱ្យចេញឆាប់ៗនេះហើយ ព្រោះពេលវេលាយើងមិនអាចចាំបានយូរ។ យើងខំពន្លឿននូវកិច្ចការនេះ ដើម្បីឱ្យទាន់ការអភិវឌ្ឍន៍បច្ចេកទេសរបស់គាត់។ អ៊ីចឹងត្រៀមចេញនៅថ្ងៃទី១៥ ខែនេះហើយ និងបានការទាក់ទងគ្នាស្រួលបួលអស់ហើយ។ បើមិនមានអ្វីប្រែប្រួលទេគឺយើងនឹងធ្វើពិធីបញ្ជូនកីឡាករ កីឡាការិនីរបស់យើង ទៅនៅថ្ងៃទី១៥ នេះហើយ»។ឯកឧត្តមក៏បានបន្ថែមទៀតថា នៅមុនចាកចេញ ក៏នឹងមានរៀបចំពិធីមួយជាមួយស្ថានទូតចិន ដើម្បីអបអរសាទរកិច្ចសហប្រតិបត្តិការនេះ ព្រោះជាកម្មវិធីជំនួយឥតសំណងរបស់រដ្ឋាភិបាលចិន ប្រជាជនចិន ចំពោះកីឡាករ កីឡាការិនីកម្ពុជា។

កីឡាសរុបចំនួន ១២ប្រភេទដែលត្រូវចេញទៅហ្វឹកហាត់នៅប្រទេសចិនរួមមាន ប្រតិភូដឹកនាំ ២នាក់, កាយសម្ព័ន្ធ (១១នាក់), យូដូ (៥នាក់), វូស៊ូ (១០នាក់), បាល់បោះ (១៥នាក់), វាយកូនឃ្លីលើតុ (១០នាក់), អត្តពលកម្ម (២០នាក់), ចំបាប់ (១៥នាក់), វាយសី (១២នាក់), ហែលទឹក (១១នាក់), លើកទម្ងន់ (១០នាក់), បាល់ទាត់-នារី (២៥នាក់) និងបាល់ទះ (១៥នាក់)។កីឡាករ កីឡាការិនី ទាំង ១៥៩នាក់ នឹងធ្វើការហ្វឹកហាត់រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្ដង ហើយក្រោយពីការប្រកួតស៊ីហ្គេម ២០២៣ បញ្ចប់ កីឡាករ កីឡាការិនីកម្ពុជា នឹងត្រលប់ទៅហ្វឹកហាត់បន្តទៀត ដើម្បីបង្រ្គប់កិច្ចសន្យាជំនួយឥតសំណង ដែលមានរយៈពេល ២ឆ្នាំ។

«ទំហំនៃជំនួយនេះធំ ដោយសារតែការហ្វឹកហាត់ត្រូវចំណាយច្រើន ហើយមិនមែនតែពេលហ្នឹងទេ។ តាមពិតយើងត្រូវហ្វឹកហាត់ ២ឆ្នាំមុន អ៊ីចឹងគម្រោង ២ឆ្នាំមុន បានខ្លីមកសល់តែ ៧, ៨ខែ ប៉ុន្តែ៧, ៨ខែនេះចប់គម្រោង សម្រាប់គម្រោងដែលយើងអត់បានអនុវត្តពី១ឆ្នាំជាងហ្នឹង ត្រូវបន្តទៅទៀត។ អ៊ីចឹងអាចឲ្យកីឡាករ កីឡាការិនីយើង ក្រោយពីស៊ីហ្គេមហើយ ក៏នៅតែទទួលបានការបណ្ដុះបណ្ដាលជំនាញកីឡាកម្រិតខ្ពស់នេះបន្តទៅទៀត»។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម វ៉ាត់ ចំរើន ។

ក្នុងជំរុំហ្វឹកហាត់ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននឹងជួយឧបត្ថម្ភគាំទ្រដល់ការហ្វឹកហាត់នេះទាំងស្រុង ទាំងសំបុត្រយន្ដហោះ ទាំងការស្នាក់នៅហូបចុក ទាំងការព្យាបាល ទាំងការថែទាំសុខភាពជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *