ព័ត៌មានជាតិ

ថ្ងៃស្អែក សម្តេចតេជោនឹងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារ ផ្តល់ និងទទួលឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុ

នៅថ្ងៃទី ០៦ ខែសីហា ឆ្នាំ២០២២ស្អែកនេះ នៅវិមានសន្តិភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីចុះហត្ថលេខាលើលើលិខិតប្តូរសារចំនួនពីរ រួមមាន៖

១- លិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនដែលមានទឹកប្រាក់ចំនួន ៤១.៣៨៨.០០០.០០០ យ៉េន សម្រាប់ ការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មីនៅកំពង់ផែក្រុងព្រះសីហនុជំហានទី១ រវាងឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃ ព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសា (HAYASHI Yoshimasa) រដ្ឋមន្ត្រីការបរទេស ជប៉ុន។

២- កិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោងខាងលើ រវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោកស្រី កាមេ ហារឹកុ ប្រធានតំណាង JICA ប្រចាំកម្ពុជា។

ឥណទានសម្បទាននេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការពង្រីក និងធ្វើទំនើបកម្មកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងដើម្បី ប្រែក្លាយកំពង់ផែនេះទៅជាកំពង់ផែទឹកជ្រៅស្នូលសម្រាប់ប្រទេសកម្ពុជា និងក្នុងតំបន់ ស្របតាមការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកាលពីដើមឆ្នាំនេះ។

នៅមុនពិធីចុះហត្ថលេខា ឯកឧត្ដម ហាយ៉ាហ្ស៊ី យ៉ូហ្ស៊ីម៉ាសានឹងអញ្ជើញចូលជួបសម្ដែងការគួរសម ចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *