

សៀមរាប៖ កម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ២០២២-២០៣៥ គឺជាផ្នែកដ៏សំខាន់មួយដែលនឹងរួមចំណែកក្នុងការសម្រេចចក្ខុវិស័យនេះឱ្យទទួលបានជោគជ័យទៅក្នុងថ្ងៃអនាគត ដែលជាគោលនយោបាយនិងកម្មវិធីកែទម្រង់ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយនិងតាមវិស័យ ត្រូវបានរៀបចំឡើងនឹងដាក់ឱ្យថ្នាក់ជាតិ ថ្នាក់ក្រោមជាតិអនុវត្តបន្ត ដើម្បីចូលរួមចំណែកការកសាងនឹងការអភិវឌ្ឍសង្គម។ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៏លើកឡើងក្នុងកិច្ចប្រជុំមួយស្តីពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈសម្រាប់ថ្នាក់ដឹកនាំមន្ទីរនានា និងថ្នាក់ដឹកនាំស្រុកក្នុងខេត្តសៀមរាប ដែលត្រូវអនុវត្តឲ្យបានល្អប្រសើរថែមទៀត។ កិច្ចប្រជុំនេះ បានធ្វើឡើងកាលពីព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ស្ថិតនៅក្នុងបន្ទប់ប្រជុំលេខ៤នៃរដ្ឋបាលខេត្ត។

ជាមួយគ្នានោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប មានប្រសាសន៏ថា កិច្ចការទាំងនេះ គឺត្រូវបានប្រកាន់ខ្ជាប់និងអនុវត្តផ្តើមចេញពីវិចារណវិទ្យា ភាពប្រាកដនិយម និងតថភាពសង្គម សេដ្ឋកិច្ច និង នយោបាយកម្ពុជា ឈរលើមូលដ្ឋាននៃសុខសន្តិភាព ដែលសម្រេចបានតាមរយៈគោលនយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី២នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្រត្រីកោណហើយ អ្វីដែលនាំឱ្យមាននូវយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ទី២ ទី៣ និងទី៤ ក្នុងនីតិកាលបន្តបន្ទាប់នៃរដ្ឋសភានោះ គឺអភិបាលកិច្ចល្អ តែតែងត្រូវបានចាត់ទុកជាស្នូលដ៏សំខាន់នៃការងារកែទម្រង់ស៊ីជម្រូវរបស់រាជរដ្ឋាភិបាល។ លោក បានបង្ហាញទៀតថា ជាលទ្ធផល កម្ពុជាធានាបាននូវសន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម ការអភិវឌ្ឍ គ្រប់វិស័យ និងមានកំណើនសេដ្ឋកិច្ចខ្ពស់ប្រមាណ៧% ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ ព្រមទាំងសម្រេចបានការកាត់បន្ថយភាពក្រីក្រឱ្យនៅក្រោម១០% ក្នុងឆ្នាំ២០១៩កន្លងមក។ គ្រប់តួអង្គពាក់ព័ន្ធក្នុងការអនុវត្តគោលនយោបាយនិងកម្មវិធីនានារបស់រាជរដ្ឋាភិបាល ជាពិសេសការកែទម្រង់ នៅក្នុងវិស័យសាធារណៈដែលសម្រេចបានសមិទ្ធផលជាច្រើនគួរជាទីមោទនៈភាព។ ទន្ទឹមនឹងនេះ ខេត្តសៀមរាបយើងក៏មានបញ្ហាប្រឈមមួយចំនួនផងដែរ ដែលទាមទារឲ្យយើងត្រូវតែមានសមត្ថភាពត្រៀមទុកជាមុននិងអាចឆ្លើយតបសមស្របណាមួយ ជាពិសេសការបន្តធានាឱ្យបាននូវស្ថិរភាពនិងសុខសន្តិភាព ការពង្រឹងអភិបាលកិច្ចក្នុងវិស័យសាធារណៈ ការលើកកម្ពស់គុណភាពធនធានមនុស្ស ព្រមទាំងការដោះស្រាយបញ្ហាប្រឈមដែលបណ្តាលពីការរីករាលដាលជាសាកលនៃជំងឺកូវីដ-១៩ ការបម្រែបម្រួលអាកាសធាតុ និងបញ្ហាផ្សេងៗ។ យើងត្រូវប្ដេជ្ញានិងការងារបន្តកិច្ចប្រឹងប្រែង ក្នុងការកសាងរដ្ឋបាលសាធារណៈ ឱ្យមានលក្ខណៈ ខ្លាំង ស្អាតស្អំ ឆ្លាតវៃ និងផ្ដោតលើប្រជាជនជាស្នូល។ ក្នុងន័យនេះ ការបង្កើនល្បឿនកែទម្រង់អភិបាលកិច្ច គឺជាលក្ខខណ្ឌចាំបាច់ ដែលត្រូវអនុវត្តតាមរយៈការដ្ឋានកែទម្រង់និងកម្មវិធីទាំងឡាយរបស់រាជរដ្ឋាភិបាល ជាពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ និងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។ យើងត្រូវគិតគូរនិងពិនិត្យឡើងវិញបន្ថែមទៀតអំពីតួនាទីរបស់រដ្ឋ សមត្ថភាពនៃស្ថាប័នសាធារណៈ រចនាសម្ព័ន្ធនៃការគ្រប់គ្រង អភិក្រមការងារនិងធុរកិច្ច ភាពជាអ្នកដឹកនាំ ក្នុងវិស័យសាធារណៈក្នុងការកែលម្អនិងលើកកម្ពស់គុណភាពនិងប្រសិទ្ធភាពនៃរដ្ឋបាលសាធារណៈសំដៅដល់ថ្នាក់ខេត្ត ថ្នាក់ស្រុកជាដើម។

សូមជម្រាប់ផងដែរថា កិច្ចប្រជុំស្តីពីកម្មវិធីជាតិកែទម្រង់រដ្ឋបាលសាធារណៈ២០២២-២០៣៥ គឺជាផ្នែកដ៏សំខាន់មួយដែលនឹងរួមចំណែកក្នុងការសម្រេចចក្ខុវិស័យនេះឱ្យទទួលបានជោគជ័យទៅក្នុងថ្ងៃអនាគតនោះ គឺរៀងរាល់១ឆ្នាំម្តង ក៏ប៉ុន្តែកិច្ចប្រជុំកែទម្រង់រដ្ឋបាលសាធារណៈនាពេលនេះ គឺដើម្បីប្រមូលធាតុផ្សំនៃបញ្ហាប្រឈមដែលបណ្តាលមកពីមន្ទីរ អង្គភាពពាក់ព័ន្ធ ស្ថាប័ននានា ថ្នាក់ខេត្ត ថ្នាក់ស្រុក ត្រូវបានអង្គប្រជុំលើកឡើងដាក់ជាសំនួរចម្លើយ នឹងសំណូមពរ ជាការឆ្លើយតបទៅតាមសភាពការជាក់ស្តែងនៃអង្គប្រជុំដើម្បីវាយតម្លៃដាក់ជូនទៅថ្នាក់ជាតិសម្រេច៕




