ខេត្តបន្ទាយមានជ័យ ៖ ពិតជាគួរឲ្យ អាសូរណាស់ បុរសម្នាក់បណ្ដើរឆ្កែចូលព្រៃតាមបន្ទាត់ព្រំដែន ដើម្បីបេះបន្លែស្លឹកព្រិច ចកអណ្ដើក និងប្រមាញ់សត្វយកមកឲ្យម្ដាយលក់ដើម្បីយកប្រាក់ចិញ្ចឹមជីវិត ក៏ត្រូវ ជួបឧបទ្ទវហេតុ ជាន់មីនផ្ទុះ បណ្ដាលឲ្យជើងទាំងពីររងរបួសធ្ងន់ធ្ងរ។
ហេតុការណ៍ដ៏សែនតក់ស្លុតមួយនេះបានកើតឡើងនៅវេលាម៉ោង ៨ និង៣០នាទីព្រឹកថ្ងៃទី ១៦ ខែ មេសា ឆ្នាំ ២០២៣ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ស្ថិតក្នុងភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ជនរងគ្រោះមានឈ្មោះលី លាក់ ភេទប្រុស អាយុ ៣៥ រស់នៅក្នុងបន្ទុកឪពុកម្ដាយនៅភូមិឃុំកើតហេតុខាងលើ បានរងរបួសដាច់ជើងស្ដាំ និងជើងឆ្វេងផងដែរ។
សមត្ថកិច្ចប្រាប់ថា បុរសខាងលើមានគ្រួសារម្ដងរួចហើយ តែមិនមានកូនឡើយ ដោយសារតែក្នុងបន្ទុកឪពុកម្ដាយមានបងប្អូនប្រុស-ស្រី ៩នាក់ បានដើររកបេះស្លឹកព្រិច និង ចកអណ្ដើក និងប្រដេញសត្វជារៀងរាល់ថ្ងៃ នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ដើម្បីយកមកឲ្យម្ដាយលក់បានប្រាក់ទិញអង្ករ និងម្ហូបចិញ្ចឹមគ្រួសារប្រចាំថ្ងៃ តែអកុសលក៏បានជាន់ មីនស្គរ ពីសម័យសង្គ្រាម ម៉ាក k 58 ផ្ទុះរងរបួសធ្ងន់តែម្ដង។
ប្រភពព័ត៌មានបានឱ្យដឹងថា ឪពុកម្ដាយ រួមទាំងកូនដែលក្នុងគ្រួសារខាងលើក៏នាំគ្នាស៊ីឈ្នួលគេផងដែរក្រោយកើតហេតុ គេឃើញមានសមត្ថកិច្ចការពារព្រំដែនគោក សហការជាមួយអាជ្ញាធរក្នុងមូលដ្ឋាន ចូលទៅយកបុរសខាងលើទៅសង្គ្រោះនៅមន្ទីពេទ្យមង្គលបូរី៕
បើយោងតាមប្រភពពីកន្លែងកើតហេតុ មានការអន្តរាគមន៍ភ្លាមៗផងដែរពីឯកឧត្តម អ៊ំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្រោយពីឯកឧត្តមទទួលព័ត៌មានថាមានបុរសបានដើរ ជាន់មីនដា.ច់ជើងនៅក្នុងបន្ទាត់ព្រំដែន កម្ពុជា ថៃ ផងនោះ។