ក្នុងដំណើរទស្សនកិច្ចទៅកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប នាព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបង្ហាញនូវក្តីសោមនស្សរីករាយក្រៃលែង ដោយបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ បាននាំមកនូវភាពស្និតស្នាល ទៅជួបដៃគូសហការដ៏សំខាន់ ដើម្បីសុខភាពប្រជាពលរដ្ឋ ហើយនៅក្នុងបរិបទបច្ចុប្បន្ននេះ វិស័យសុខាភិបាលពិតមានសារៈសំខាន់ណាស់ ព្រោះយើងទាំងអស់គ្នាត្រូវការសុខភាព មានសុខភាពទើបយើងអាចសម្រេចបាន លើគ្រប់កិច្ចការទាំងអស់ ហើយអ្វីកាន់តែរីករាយកក់ក្តៅនៅក្នុងដំណើរទស្សនកិច្ចនេះ គឹការបានជួបមន្រ្តីសុខាភិបាល បុគ្គលិកជំនាញពេទ្យឆ្នើមៗ កំពុងសកម្មថែទាំ ព្យាបាលអ្នកជំងឺបានល្អ ប្រកបដោយវិជ្ជាជីវៈ ។
ឯកឧត្តមបានឲ្យដឹងដែរថា តាមរយៈស្ថានទូតអាមេរិក មជ្ឈមណ្ឌលបង្ការជំងឺសហរដ្ឋអាមេរិក បានសហការល្ឌជាមួយភាគីកម្ពុជា ក្នុងការជួយទប់ស្កាត់ជំងឺកូវីដ-១៩ ហើយឯកឧត្ដមក៏បានបង្ហាញនូវក្តីអបអរសាទរផងដែរ ជាមួយជោគជ័យរបស់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ពិសេសចំពោះកិច្ចដំណើរការដ៏ល្អ របស់មន្ទីរពិសោធន៍នៅក្នុងមន្ទីរពេទ្យមួយនេះ ដែលបានខិតខំប្រឹងប្រែង និងប្រើប្រាស់អស់លទ្ធភាព ( US CDC Incinerator )។ វាពិតជាប្រសើរខ្លាំងណាស់ ដែល( US CDC Incinerator )មិនសម្រាប់តែប្រតិបត្តិការ លើបញ្ហាកូវីដ១៩ប៉ុណ្ណោះទេ តែក៏សម្រាប់ប្រើប្រាស់ទៅលើ ប្រតិបត្តិការកំចាត់វ៉ារ៉ុសជម្ងឺឆ្លងកាចសាហាវ ផ្សេងៗទៀតផងដែរ។
ក្នុងឱកាសទទួលស្វាគមន៍ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ឯកឧត្តម ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតនោះ ព្រមទាំងបានរាយការណ៍សង្ខេបអំពីចំនួនមន្ទីរពេទ្យ ក្នុងនោះមាន ៖ មន្ទីរពេទ្យបង្អែកខេត្ត មានចំនួន១ , មន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ មានចំនួន៤ និងមណ្ឌលសុខភាពមានចំនួន៩៣កន្លែង ដែលមានទីតាំងស្ថិតនៅតាមបណ្តាឃុំ-សង្កាត់ទាំង១០០ នៃក្រុង-ស្រុកទាំង១២ ក្នុងទូទាំងខេត្ត។
គួររំលឹកថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ត្រូវបានចាត់ទុកជាមន្ទីរពេទ្យប្រចាំតំបន់ ក្នុងនោះមានអ្នកជំងឺមកពីបណ្តាខេត្តជិតខាងផងដែរ ប្រមាណពី ១០ ទៅ ២០ភាគរយ ដែលមានទីតាំងស្ថិតនៅកណ្តាលក្រុងសៀមរាប លើផ្ទៃដីជិត៤ ហិចតា មានគ្រែអ្នកជំងឺសរុប ៣៧០ អត្រាស្នាក់នៅ ១១០ភាគរយ រយៈពេលស្នាក់នៅជាមធ្យមពី ៥ ទៅ ១សប្តាហ៍ អត្រាមរណៈមានប្រមាណជា ២ភាគរយ ដែលក្នុងមូលហេតុចម្បងនៃការស្លាប់ គឺដោយសារតែជំងឺរលាកសួត រលាកផ្លូវដង្ហើម និងគ្រោះថ្នាក់ចរាចរណ៍។
កន្លងមកនេះ មន្ទីរពេទ្យបង្អែកខេត្តសៀមរាប បានទទួលការគាំទ្រពីមជ្ឈមណ្ឌលបង្ការជំងឺសហរដ្ឋអាមេរិក ទាំងឧបករណ៍វេជ្ជសាស្ត្រ និងផ្នែកបច្ចេកទេស ដែលជាផ្នែកមួយនែការចូលរួម ទប់ស្កាត់ និងកាត់បន្ថយ ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕