ខេត្តសៀមរាប៖ ផ្លូវបេតុង១ខ្សែប្រវែង៧៥៤ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតនៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក ក្រុងសៀមរាបខេត្តសៀមរាប ភ្ជាប់ពីខាងត្បូងផ្លូវគោកស្រិតទៅដល់ផ្លូវបេតុងទៅភ្នំក្រោម(មុខវត្តស្វាយ) ដែលជាគម្រោងមូលនិធិរបស់សង្កាត់សាលាកំរើក ត្រូវបានសម្ពោធដាក់អោយ ប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ លោក សាម ឡន ចៅសង្កាត់ សាលាកំរើក បានមានប្រសាសន៍ថា៖ ផ្លូវបេតុងនេះ ជាសមិទ្ធិផលថ្មីមួយទៀត
នៅក្នុងភូមិ វត្តស្វាយ ដែលពីមុនផ្លូវនេះជាផ្លូវដីលំ ហើយផ្លូវបេតុងថ្មីមួយខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋទូទៅ ក្នុងការធ្វើដំណើរជាប្រចាំថ្ងៃ ទៅប្រកបមុខរបរការងាររៀងៗខ្លួន អោយមានភាពងាយស្រួលក្នុងការដឹកកសិផលរបស់ខ្លួន យកទៅលក់នៅទីផ្សារ ដែលវាបានជួយសម្រួលដល់ធ្វើដំណើរបានរហ័យ ងាយស្រួលផងដែរ។
លោកចៅសង្កាត់បានបន្តទៀតថា៖ សមិទ្ធផលទាំងនេះ គឺជាគម្រោងផែនការអភិវឌ្ឍន៍ជាក់ស្តែងត្រឹមត្រូវ របស់រដ្ឋបាលសង្កាត់សាលាកំរើក ក្នុងគោលដៅបម្រើផលប្រយោជន៍រួមរបស់ប្រជាពលរដ្ឋនិង បង្កើនល្បឿននៃការអភិវឌ្ឍ តាមមូលដ្ឋាន និងពង្រឹងប្រជាធិបតេយ្យ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ។
លោក សាម ឡន ក៏បានមអំពាវនាវ ជាថ្មីម្តងទៀត ដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអាស្រ័យផល តាមបណ្តោយដងផ្លូវនេះ សូមជួយថែរក្សា សមិទ្ធផល ប្រយោជន៍សាធារណៈទាំងអស់នេះ រក្សាសណ្ដាប់ធ្នាប់បរិស្ថាន និងគ្រប់គ្រងសំរាមអោយបានល្អ ដើម្បីចូលរួមចំណែកលើកកម្ពស់សោភ័ណ្ឌភាពទីក្រុសៀមរាបយើងឱ្យសាកសមជាទីក្រុងទេសចរណ៍ផងដែរ។
នៅក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវបេតុងនាពេលនោះផងដែរ អង្គការស្រលាញ់ការរីកចម្រើនប្រជាជនរួមជាមួយនិងអាជ្ញាធរសង្កាត់សាលាកំរើកក៍បាននាំយកនូវគ្រឿងឧបភោគបរិភោគមួយចំនួនមកចែកជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានជីវភាពក្រលំបាក និង ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ ពិសេសក្នុងបរិបទនៃការរៀនរស់ជាមួយកូវីដ១៩ កន្លងមកដែល រស់នៅក្នុងសង្កាត់សាលាកំរើកចំនួន១៥០គ្រួសារ ដោយក្នុងនោះ មួយគ្រួសារៗ ទទួលបានអង្ករចំនួន២០គីឡូក្រាម និងគ្រឿងឧបភោគបរិភោគ១កញ្ចប់ផងដែរ ៕