
(ព្រះវិហារ)៖ កម្លាំងសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើរវៀង ដឹកនាំដោយលោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង សហការជាមួយអាជ្ញាធរឃុំរបៀប ប៉ុស្តិ៍នគរបាលរដ្ឋបាលរបៀប បានធ្វើការរឹបរូសឈើសន្និធិជាង ១៥០ដុំ ដែលឈ្មួញដឹកយកមកស្តុកទុកត្រៀមដឹកជញ្ជូនយកទៅធ្វើជំនួញដោយខុសច្បាប់។

ប្រតិបត្តិការនេះ ធ្វើឡើងនៅថ្ងៃទី០៧ ០៨ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅក្នុងភូមិត្នោតម្លូ ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។
លោក ស៊ុំ ស៊ីវុត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង បានប្រាប់«អ្នកសារព័ត៌មាន»នៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ថាៈ ក្រោយទទួលបានបញ្ជាពី លោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើព្រះវិហារ លោកបានដឹកនាំកម្លាំងចុះទៅដល់ក៏បានឃើញលើដែលឈ្មួញសន្និធិនៅទីតាំងខាងលើ។
លោក ស៊ុំ ស៊ីវុត្ថា បានបន្តឲ្យដឹងទៀតថាៈ ឈើដែលបង្ក្រាប និងរឹបអូសបានដោយកម្លាំងសមត្ថកិច្ចនាពេលនោះ មានចំនួន ១៥៥ដុំ ជាប្រភេទឈើលេខ១(ផ្ចឹក និងសុក្រម) ឈើទាំងនោះ ឈ្មួញបានដឹកជញ្ជូនពីព្រៃ យកមកស្តុក និងលាក់ទុកនៅជិតផ្ទះអ្នកស្រុក ហើយបានដឹងដល់សមត្ថកិច្ច ខណៈនោះកម្លាំងសមត្ថកិច្ច បានធ្វើការសហការចុះបង្រ្កាប។
ដោយឡែក ម្ចាស់ផ្ទះដែលនៅជិតទីតាំងស្តុកឈើនោះ ត្រូវបានកម្លាំងជំនាញហៅចូលរួមសហការ និងធ្វើកិច្ចសន្យាបញ្ឈប់ ឲ្យគេយកឈើមកស្តុកទុកនៅទីនេះ ដែលជាឈ្នាន់ក្នុងការដឹកជញ្ជូនឈើ យកទៅធ្វើជំនួញដោយខុសច្បាប់ តទៅទៀត។
បច្ចុប្បន្ន៖ ឈើខាងលើត្រូវបានដឹកយកមករក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីបន្តតាមនីតិវិធីច្បាប់៕





