បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាបដាក់ឱសានវាទឱ្យរំសាយការជួបជុំនៅថ្ងៃទី៣០ ខែសីហានេះ មានប្រជាពលរដ្ឋបាននាំគ្នាធ្វើដំណើរចាកចេញ ពីចម្ការម្រេច របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនៅតំបន់ភ្នំគូលែន ស្ថិតនៅភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាបណ្ដើរៗហើយ។
ចំណែកអាជ្ញាធរមានសមត្ថកិច្ចចាប់ផ្តើមដាក់កម្លាំងយាមកាមនៅជិតតំបន់នោះ នឹងត្រៀមអនុវត្តឱសានវាទរបស់រដ្ឋបាលខេត្ត ដែលបានដាក់កំហិតឱ្យប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យរូបនេះ បញ្ឈប់ការជួបជុំ និងការបោះតង់ស្នាក់នៅ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់តទៅ។
សូមជម្រាបផងដែរថា រដ្ឋបាលខេត្តសៀមរាបឱ្យលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ ពីព្រោះការជួបជុំពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ នេះបើយោងតាមលិខិតរបស់លោក ទៀ សីហា អភិបាលខេត្តសៀមរាប ជម្រាបជូនទៅលោកខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅថ្ងៃទី២៩ ខែសីហា ឆ្នា២០២២នេះ។
លោក ទៀ សីហា អភិបាលខេត្តសៀមរាប បានជម្រាបជូនលោកខឹម វាសនា ស្តីពីការធ្វើសកម្មភាពប្រមូលផ្តុំមនុស្សរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ នៅក្នុងភូមិសាស្ត្រភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។
ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានប្រជាពលរដ្ឋធ្វើដំណើរមកពីបណ្តារាជធានី-ខេត្ត និងក្រៅប្រទេសមកធ្វើ ការជួបជុំ និងប្រមូលផ្តុំគ្នានៅក្នុងភូមិសាស្ត្រភូមិថ្មជល់ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្នុងគោល បំណងដើម្បីចូលរួមស្តាប់ការពន្យល់បកស្រាយនូវអ្វីដែលលោកបានផ្សព្វផ្សាយថា លោកបានធ្វើវិបស្សនា មើលឃើញ និងបំភ្លឺសារជាថ្មីនូវមេរៀនត្រាស់ដឹងរបស់ព្រះសម្មាសម្ពុទ្ធ និងដំណើរនៃធម្មជាតិ(ទឹកជំនន់) ក្រោមការរៀបចំរបស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ ការជួបជុំនេះពុំបានសុំកិច្ចសហការ និងមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឡើយ និងបានធ្វើឱ្យប៉ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន អនាម័យ និងវិធានការបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។ ដូច្នេះដើម្បីកុំឱ្យការប្រមូលផ្តុំ ការជួបជុំ និងការ បោះតង់ស្នាក់នៅខាងលើធ្វើឱ្យប៉ះពាល់ដល់អនាម័យ បរិស្ថាន ការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ និងសុខុមាលភាពរបស់ក្មេង ចាស់ជរា បងប្អូនប្រជាពលរដ្ឋ រដ្ឋបាលខេត្តសៀមរាប ជម្រាបជូន លោក ប្រធានគណបក្ស បញ្ឈប់ការប្រមូលផ្តុំ និងរំសាយការជួបជុំ ចាប់ពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ២៤៖០០នាទីយប់ និងរាល់សំណង់ដែលបានសាងសង់ត្រូវដាក់ពាក្យស្នើសុំអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច៕