
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញចុះពិនិត្យសមិទ្ធផលស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ នៅខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែមេសា ២០២៣។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ត្រូវបានសាងសង់កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ គ្រោងបញ្ចប់ នៅចុងខែមិថុនា ឆ្នាំ២០២៣ ។ គិតត្រឹមថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ នេះ សម្រេចបានប្រមាណ ៨៩ ភាគរយហើយ។

ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់កម្រិតស្ដង់ដា នៅខេត្ដព្រះសីហនុ គឺជាសមិទ្ធផលមួយក្នុងចំណោមសមិទ្ធផលជាច្រើនដូចជា ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ៣៧ ខ្សែ ,អគារខ្ពស់ៗ និងហេដ្ឋារចនាសម្ព័ន្ធថ្មីៗជាច្រើនទៀតដែលរាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិការដ្ឋ និងធនធានក្នុងប្រទេស ប្រែក្លាយខេត្ដនេះជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងដ៏សំខាន់នៅក្នុងប្រទេស។ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ស្ថានីយនេះធ្វើឡើងដោយបំពាក់បច្ចេកវិទ្យាចុងក្រោយ MABR ដែលជាបច្ចេកវិទ្យានវានុវត្ដន៍របស់អ៊ីស្រាអែល ដោយគ្រោងចំណាយថវិកាជាង២០លានដុល្លារអាមេរិក។ ស្ថានីយនេះ គឺជាផ្នែកសំខាន់មួយដើម្បីឱ្យក្រុងព្រះសីហនុក្លាយជាទីក្រុងទំនើប (Smart- City) នៅក្នុងប្រទេសផងដែរ។ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ នៅខេត្តព្រះសីហនុ ប្រើបច្ចេកវិទ្យាចុងក្រោយរបស់អ៊ីស្រាអែល ក្នុងទឹកប្រាក់២០លានដុល្លារ។ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មនេះ ជាថវិការបស់រាជរដ្ឋាភិបាលផ្តល់ឱ្យគណៈកម្មា ធិការអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក) ចាត់ចែងអនុវត្តគម្រោង និងសាងសង់ដោយក្រុមហ៊ុន Xwater Technology Co,Ltd។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទី៣ ក្នុងគោលបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យា MABR និងត្រូវបានទទួល ស្គាល់ថា ជាបច្ចេកវិទ្យា មានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំសំចៃថាមពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។មូលហេតុដែលត្រូវសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះឡើង គឺដើម្បីធ្វើឱ្យឆ្នេរសមុទ្ររបស់យើងក្លាយជាឆ្នេរស្អាត ទឹកសមុទ្រពណ៌ខៀវស្រងាត់ និងបរិស្ថានល្អ គ្រប់គ្រងបានសំណល់រាវ ទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិ។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ៣ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ២ម៉ឺនម៉ែត្រគុបក្នុង១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី ២ ៦៩០ ហិកតា ស្ថិតក្នុងសង្កាត់លេខ ៤ ដែលសាងសង់ដោយក្រុមហ៊ុន X-WATER TECHNOLOGY CO.,LTD។ ចំពោះការដ្ឋានអាងប្រព្រឹត្តិកម្មទឹកកខ្វក់ទី៣ បែងចែកជាពីរដំណាក់កាល ដោយដំណាក់កាលទី១ គឺសំណង់ទីវាល អាចបញ្ចប់មុនចូលឆ្នាំខ្មែរ ឆ្នាំ២០២៣ខាងមុខ។ រីឯដំណាក់កាលទី២ គឺការសាង សង់ពាក់ព័ន្ធនឹងប្រព័ន្ធមេកានិក ដែលត្រូវបន្តប្រហែល ៣ ទៅ ៤ខែ បន្ថែមទៀត ដោយត្រូវធ្វើតេស្តលើប្រព័ន្ធបច្ចេក ទេសឱ្យបានរួចរាល់ជាមុនសិន។ គួរបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុបានបើកការដ្ឋានសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ខ្នាតធំទី៣ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ ដែលត្រូវចំណាយអស់ ២០លានដុល្លារអាមេរិក និងមានសមត្ថ ភាពចម្រោះទឹកកខ្វក់ ក្នុងបរិមាណ ២០ ០០០ ម៉ែត្រ គូប ក្នុង១ថ្ងៃ។

សូមជម្រាបដែរថា ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន២ ហើយត្រូវបានសម្ពោធដាក់ឲ្យដំណើរការ។ ក្នុងនោះ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥ ២០០ ម៉ែត្រគុបក្នុង១ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី ៣៦៤ ហិកតាស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ៧ ២០០ ម៉ែត្រគុបក្នុង១ ថ្ងៃទទួលរងទឹកកខ្វក់ពីតំបន់ទី ៤ ដែលមានផ្ទៃដី ៤៨៦ ហិកតាស្ថិតក្នុងសង្កាត់លេខ៣។
កាលពីសប្តាហ៏ ឯកឧត្តមអភិបាលខេត្ត ព្រះសីហនុ គួច ចំរើន បានឲ្យដឹងថា អាជ្ញាធរខេត្តព្រះសីហនុ កំពុងសិក្សាឱ្យប្រជាជនក្នុងក្រុងទាំងអស់ត្រូវបង់ថ្លៃសេវាទឹកប្រព្រឹត្តទឹកកខ្វក់ដូចទៅនឹងការបង់ថ្លៃសេវាប្រើប្រាស់ទឹកស្អាត ។ អាងប្រព្រឹត្តកម្មទឹកកខក់ទាំងនេះផ្ដល់ផលប្រយោជន៍គ្របដណ្ដប់ដល់ប្រជាជនទូទាំងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលមានប្រមាណជាង១១ម៉ឺននាក់នាក អាជ្ញាធរ នឹងតម្រូវឱ្យពលរដ្ឋទាំងអស់តបណ្ដាញបង្ហូរទឹកស្អុយចូលប្រព័ន្ធលូប្រព្រឹត្តកម្មទឹកកខ្វក់ គឺមិនត្រូវតបណ្ដាញបង្ហូរចូលលូប្រព្រឹត្តកម្មទឹកភ្លៀងនោះទេ ព្រោះការតបណ្ដាញប្រព័ន្ធទឹកកខ្វក់ចូលប្រព័ន្ធលូទឹកភ្លៀង នឹងធ្វើឱ្យទឹកកខ្វក់ហូរចូលក្នុងទឹកសមុទ្រជាមិនខាន។ រាជរដ្ឋាភិបាលធ្វើរចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូថ្មី ក្នុងក្រុងព្រះសីហនុ គឺបានបង្កើតប្រព័ន្ធលូប្រព្រឹត្តកម្មទឹកភ្លៀង និងប្រព័ន្ធលូប្រព្រឹត្តកម្មទឹកកខ្វក់ ហើយពលរដ្ឋត្រូវតបណ្ដេញចេញពីផ្ទះ ពីសណ្ឋាគារ ពីភោជនីយដ្ឋាន និងពីកន្លែងប្រកបអាជីវកម្មផ្សេងទៀតចូលទៅក្នុងប្រព័ន្ធលូទឹកស្អុយ ដើម្បីប្រព្រឹត្តកម្ម។ ក្នុងនោះ អាជ្ញាធរខេត្តកំពុងស្វែងរកវិធីសាស្ត្រ ដើម្បីឱ្យពលរដ្ឋទាំងអស់ក្នុងក្រុងថ្លៃសេវាប្រព្រឹត្តកម្មទឹកកខ្វក់តាមច្រកចេញចូលតែមួយ៕





