ព័ត៌មានជាតិ

សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតឱ្យលោក អាប់ឌូឡា សាហ៊ីដ (Abdulla SHAHID) ប្រធានមហាសន្និបាតអង្គការសហប្រជាជាតិ(អ.ស.ប) លើកទី៧៦ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋម៉ាល់ឌីវ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃច័ន្ទ ទី២២ ខែសីហា ឆ្នាំ២០២២នេះ។

លោក អាប់ឌូឡា សាហ៊ីដ បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីថ្ងៃទី២១ ខែសីហា។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា លោក អាប់ឌូឡា សាហ៊ីដ ក៏នឹងអញ្ជើញជួបសម្តែងការគួរសមជាមួយសម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយក៏នឹងមានជំនួបពិភាក្សាការងារជាមួយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិផងដែរ។

ដំណើរទស្សនកិច្ចរបស់ លោក អាប់ឌូឡា សាហ៊ីដ នឹងសង្កត់ធ្ងន់អំពីតួនាទីប្រកបដោយការស្ថាបនា របស់កម្ពុជានៅក្នុង អ.ស.ប ជាពិសេសក្នុងឋានៈកម្ពុជាជាប្រធានអាស៊ាន ក៏ដូចជាតួនាទីរបស់អាស៊ាន និង អ.ស.ប ក្នុងការពង្រឹងពហុភាគីនិយម ដើម្បីឆ្លើយតបទៅនឹងបញ្ហាសកលនានា រួមមានការប្រែប្រួលអាកាសធាតុ ការស្តារឡើងវិញក្រោយជំងឺរាតត្បាត និងការអភិវឌ្ឍន៍ប្រកបដោយចីរភាពជាដើម។ ការធ្វើឱ្យតួនាទីរបស់ អ.ស.ប កាន់តែរស់រវើក និងការពង្រឹងតួនាទីភាពជាដៃគូរវាងអាស៊ាន-អ.ស.ប ក៏ស្ថិតក្នុងចំណោមប្រធានបទសម្រាប់កិច្ចពិភាក្សាផងដែរ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *