ព័ត៌មានជាតិ

ភ្លៀងនឹងបន្តធ្លាក់ នៅតាមតំបន់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុង កម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើក្នុងរយៈពេល៤ថ្ងៃទៀត

ភ្នំពេញ ៖ ក្នុងសេចក្តីជូនដំណឹងស្តីពី ស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែសីហា ភ្លៀងនឹងបន្តធ្លាក់ក្នុងសភាពជាលក្ខណៈ តាមតំបន់ដាច់ដោយឡែក ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុង កម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ។

យោងតាមការវិវត្តជាក់ស្ដែងនៃស្ថានភាពអាកាសធាតុ បានបង្ហាញឲ្យឃើញថា ជ្រលង សម្ពាធទាបឥណ្ឌានឹងរំកិលធ្លាក់ចុះ ជាមួយនឹងប្រព័ន្ធសម្ពាធទាប (ITCZ) ដែលអូសបន្លាយនៅ ភាគខាងជើងប្រទេសថៃ ឡាវ និងវៀតណាម ដោយភ្ជាប់ជាមួយនឹងសម្ពាធទាប ស្ថិតនៅក្នុងសមុទ្រ ចិនខាងត្បូង និងរបបខ្យល់មូសុងនិរតីក្នុងកម្រិតពីមធ្យមទៅបង្គួរ ។

លក្ខណៈបែបនេះ នឹងធ្វើឲ្យព្រះរាជាណាចក្រកម្ពុជា មានភ្លៀងធ្លាក់ក្នុងសភាពជាលក្ខណៈតាមតំបន់ ស្ទើរគ្រប់ទីកន្លែងជាបន្តបន្ទាប់ ក្នុង កម្រិតពីតិចទៅបង្គួរ និងច្រើនដោយអន្លើ ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២២ ។ ស្ថិតក្នុងស្ថានភាពបែបនេះ អាចធ្វើឲ្យបណ្តាតំបន់ផ្ទៃ រងទឹកភ្លៀង និងបណ្តាខេត្តមួយចំនួន ដែលកន្លងមក ទទួលបាននូវបរិមាណទឹកភ្លៀងបង្គួរ និងច្រើនរួចមកហើយ រួចបន្ថែមបរិមាណកើនឡើងទៀត ដែលជាហេតុបង្កើតឡើងនូវជំនន់ទឹកភ្លៀង សារជាថ្មី មានជាអាទិ៍ ៖ ខេត្តកំពង់ធំ ព្រះវិហារ រតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ចាម និង ខេត្តឧត្តរមានជ័យ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និង សាធារណជន ទទួលជ្រាបជាព័ត៌មាន និងបង្កើនការប្រុងប្រយ័ត្នខ្ពស់៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *