
បុរសវ័យ៤៥ឆ្នាំម្នាក់ បានបាត់បង់ជីវិត និងម្នាក់រងរបួសនៅក្នុងហេតុការណ៍បាក់រលំស្លាកប៉ានណូមួយកន្លែង ស្ថិតក្នុងក្រុងសៀមរាប ខេត្តសៀមរាប បណ្ដាលមកពីភ្លៀងធ្លាក់លាយឡំជាមួយនឹងខ្យល់កន្ដ្រាក់ នៅល្ងាចថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។

ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតមានឈ្មោះ ផេង ចន្ធូ ភេទប្រុស អាយុ៤៤ឆ្នាំ(ស្លាប់នឹងកន្លែងកើតហេតុ) ទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ចំណែកជនរងគ្រោះម្នាក់ទៀតមានឈ្មោះ ជា ណារ៉ាត់ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរជា បុគ្គលិកក្រុមហ៊ុនLG ទីលំនៅភូមិតាអី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ក្រុងខេត្តសៀមរាប បច្ចុប្បន្នជនរងគ្រោះនេះ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕
ដោយ៖ស៊ាន វ៉ាន់)





