ព័ត៌មានជាតិ

ឯកអគ្គរាជទូតថៃថ្មី ប្តេជ្ញាពង្រឹង ពង្រីកកិច្ចទំនាក់ទំនង និងសហប្រតិបត្តិការជាមួយកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត

ការបញ្ជាក់របស់ឯកអគ្គរាជទូតថៃថ្មី ប្រចាំនៅកម្ពុជា ឯកឧត្តម Tull TRAISORAT ធ្វើឡើងនៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ ក្នុងឱកាសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ឯកឧត្តម Tull TRAISORAT បានសម្តែងនូវការពេញចិត្តចំពោះទំនាក់ទំនងដ៏ល្អ និងយូរអង្វែងរវាងប្រទេសទាំងពីរ ក្នុងភាពជាអ្នកជិតខាងល្អ។ ឯកឧត្តមបានបញ្ជាក់ថា ឆ្នាំនេះគឺជាខួបលើកទី ៧៥ ឆ្នាំនៃទំនាក់ទំនងការទូតថៃ-កម្ពុជា ហើយចំណង មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក៏កាន់តែមានភាពរឹងមាំ និងរីកចម្រើនជាបន្តបន្ទាប់។ ឯកឧត្តមឯកអគ្គរាជទូតក៏បានអបអរសាទរដល់កម្ពុជាដែលបានដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន ដោយឯកឧត្តមបានសង្កត់ធ្ងន់ថា ឯកឧត្តមនឹងខិតខំទាក់ទាញ និងលើកទឹកចិត្តវិនិយោគិនថៃឱ្យស្វែងឱកាសវិនិយោគនៅក្នុងខេត្តទាំងបួននេះ។ ឯកឧត្តមឯកអគ្គរាជទូតបានប្ដេជ្ញាចិត្ត និងខិតខំជំរុញ ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យឱ្យកាន់តែខ្លាំងក្លាថែមទៀត ទាំងក្នុងក្របខ័ណ្ឌរាជរដ្ឋាភិបាល និងរាជរដ្ឋាភិបាល ក្រសួង- ស្ថាប័ន និង ក្រសួង-ស្ថាប័ន វិស័យឯកជន និងវិស័យឯកជន ក៏ដូចជាការតភ្ជាប់រវាងប្រជាជន និងប្រជាជន ផងដែរ។

ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម Tull TRAISORAT ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតប្រចាំកម្ពុជា។ សម្ដេចបវរធិបតីបានបង្ហាញជំនឿយ៉ាងមុតមាំថា ក្នុងតួនាទីជាឯកអគ្គរាជទូតប្រចាំកម្ពុុជា ឯកឧត្តមនឹងចូលរួមចំណែកដល់ការពង្រឹង និងពង្រីកទំនាក់ ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ សម្ដេចបវរធិបតីបានលើកទឹកចិត្តដល់ឯកឧត្តមឯកអគ្គរាជទូតឱ្យធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែប្រសើរឡើងទៀត។

សម្ដេចបវរធិបតី និងឯកឧត្តមឯកអគ្គរាជទូត ក៏បានពិភាក្សាគ្នាអំពីការជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗជាអាទិ៍៖ វិស័យសេដ្ឋកិច្ច, ពាណិជ្ជកម្ម, ការវិនិយោគ, ការពារជាតិ និងសន្តិសុខ, ទេសចរណ៍ និងការតភ្ជាប់រវាងវិស័យឯកជន និងឯកជនជាដើម៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *