ខេត្តសៀមរាប៖ ហេតុការណ៍ បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងនៅវេលាម៉ោង១៩និង៣០នាទីកាលពី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចបន្ទប់ជួល ស្ថិតក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ដសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការបែកធ្លាយ ករណីឃាតកម្ម បន្ទាប់ពីប្រជាពលរដ្ឋ រស់នៅក្បែរទីតាំងកើតហេតុ បានរាយការណ៍មកសមត្ថកិច្ច ថា មានធុំក្លិនស្អុយចេញពីបន្ទប់ជួល ភ្លាមនោះ សមត្ថកិច្ចបានចុះទៅដល់ទីតាំងបន្ទប់ជួល ពិតជាមានធុំក្លិនស្អុយប្រាកដមែន ទើបសមត្ថកិច្ចទម្លុះទ្វារបន្ទប់ចូលពិនិត្យមើល ទើបប្រទះឃើញសាកសព គ្របភួយ និងជនសង្ស័យដេកក្បែរសាកសពធ្វើដូចមិនមានរឿងអីកើតឡើង។
ប្រភពបានបន្តថា៖ ជនរងគ្រោះមានឈ្មោះ ផា រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ សាឡន មាន ស្រុកកំណើត នៅភូមិទ័ពជ័យ ឃុំបឹងមាលា ស្រុកស្វាយលើ ខេត្ដសៀមរាប។ ចំណែកជនសង្ស័យ មានឈ្មោះ សេង គឹមហួរ ភេទប្រុស អាយុ២៧ឆ្នាំ ស្រុកកំណើត នៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្ដសៀមរាប ទីលំនៅបច្ចុប្បន្ន ភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្ដសៀមរាប ត្រូវជាសង្សារជនរងគ្រោះ។
សមត្ថកិច្ចបានសាកសួរជនសង្ស័យ ដោយតាមការឆ្លើយសារភាព របស់ជនសង្ស័យថា ខ្លួនពិតជាបានសម្លាប់ ជនរងគ្រោះពិតប្រាកដមែន ដោយបានយកខ្សែរីដូវាំងនន រឹតក ជនរងគ្រោះបណ្ដាលឱ្យស្លាប់ភ្លាមៗ នឹងកន្លែង មូលហេតុដោយសារប្រច័ណ្ឌនិងជនរងគ្រោះ។
តាមការធ្វើកោសល្យវិច័យរបស់សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ ស្លាប់ដោយសារការរឹតក នៅលេីកសាកសពជនរងគ្រោះប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន យកទៅអធិការនគរបាលក្រុងសៀមរាប ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ដោយឡែក សពជនរងគ្រោះ ត្រូវបានប្រគល់ ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕