ខេត្តសៀមរាប ៖ បនល្បែងភ្នាល់សុីសងតាមប្រពន្ធ័អេឡិចត្រនិច អនឡាញ ខ្នាតកូនដៃកាសុីណូ បានរាលដាលពេញក្រុងសៀមរាប បើកទទួលស្វាគមន៍ ភ្ញៀវជាតិនិងអន្តរាជាតិ ចំពោះអ្នកដែលញៀនល្បែង អោយចូលមកភ្នាល់ចាក់សុីសងដោយសេរី ។ ប្រភពពីពលរដ្ឋបានឲ្យដឹងថា៖បនល្បែងដែលកំពុងបើកភ្នាល់ដាក់លុយច្រើនរាប់លាន
រៀល ឬរាប់ពាន់ដុល្លារ មានអ្នកចូលលេងល្បែងនេះយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ។ សមត្ថកិច្ចនគរបាលរដ្ឋបាលក្នុងមូលរដ្ឋាន ក៏ដូចជាអធិការនគរបាលក្រុង និងអភិបាលក្រុង មិនចាត់វិធានការបង្ក្រាបល្បែងស៊ីសង ដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាពទាំង៧ចំណុចនោះឡើយ។
ប្រការនេះធ្វើឲ្យប្រជាពលរដ្ឋក្នុងក្រុងសៀមរាបទាំងមូលនិងភ្ញៀវជាតិអន្តរាជាតិ ដែលបានចូលមកលេងកំសាន្តក្នុងទីក្រុងទេសចរណ៍អង្គរមានការ ព្រួយបារម្ភយ៉ាងខ្លាំងចំពោះបញ្ហាអសន្តិសុខសង្គម ខ្លាចកើតអំពើចោរកម្ម លួច ឆក់ អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសផ្សេងៗកើតឡើងគួរអោយភ័យខ្លាច។
ប្រជាពលរដ្ឋបានអំពាវនាវអោយលោក តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប និង ឯកឧត្តម ទៀ សីហាអភិបាលខេត្តសៀមរាប ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ក្នុងក្រុងសៀមរាបជាបន្ទាន់ផង។ ដោយហេតុថាបច្ចុប្បបនល្បែងសុីសងតាមប្រពន្ធ័អេឡិចត្រូនិច អនឡាញ បានដំណើរការយ៉ាងរលូន រាលដាលគ្រប់សង្កាត់
ទាំងអស់ហើយអាជ្ញាធរមូលរដ្ឋាន និង អធិការនគរបាលក្រុង សង្ស័យមិនហ៊ានប៉ះពាល់ទៅលើបនល្បែងនេះនោះទេ។ សូមបញ្ជាក់ថា ល្បែងស៊ីសងតាមប្រព័ន្ធអនឡាញខាងលើនេះ កន្លងមកត្រូវបានសមត្ថកិច្ចចុះទៅបង្ក្រាបជាច្រើនដងផងដែរតែដោយឡែកបច្ចុប្បន្ន បើកឲ្យដំណើរការលេងបានដោយសេរី ដូច្នេះហើយទើបពលរដ្ឋសង្ស័យថា៖ សមត្ថកិច្ច និងមន្រ្តីអាជ្ញាធរមូលដ្ឋានថ្នាក់សង្កាត់ និងថ្នាក់ក្រុង ទទួលបានផលប្រយោជន៍ពីមេល្បែងទាំងនេះហើយទើបបណ្ដោយអោយមានល្បែងស៊ីសងតាមអំពើចិត្ត៕