ព័ត៌មានជាតិ

ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ជម្រាបថ្នាក់ដឹកនាំនៃបណ្ដាប្រទេសជាង ១៧០ ពីសុខដុមបនីយកម្មនៅកម្ពុជា និង សិមិទ្ធផលនានា ដែលសហគមន៍ខ្មែរឥស្លាមទទួលបានពីរាជរដ្ឋាភិបាល

(អាប៊ូដាប៊ី)៖ នៅចំពោះមុខថ្នាក់ដឹកនាំជាង ៤០០នាក់ មកពីបណ្ដាប្រទេសជាង ១៧០ ប្រទេស ឯកឧត្តមទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ សមាជិកក្រុមប្រឹក្សាសហគមន៍មូស្លិមពិភពលោក (WMCC) បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចអគ្គមហាសេនាបតី តេជោ ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យសាសនាទាំងអស់នៅកម្ពុជា ទទួលបានសុខដុមនីយកម្ម គ្មានជម្លោះសាសនា គ្មានការរើសអើង និងជាពិសេស សហគមន៍ឥស្លាម ក៏ទទួលបាននូវការយកចិត្តទុកដាក់ និងការផ្តល់ជូនជាច្រើន ដែលបានធ្វើឲ្យមានការរីកចំរើន ទាំងវិស័យអប់រំ និងសេដ្ឋកិច្ចសង្គម ប្រែមុខមាត់ដូចប្រជាជនទូទៅ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានលេីកឡេីងយ៉ាងដូច្នេះក្នុងសន្ទរកថាគន្លឹះ ដែលបានថ្លែងនៅក្នុងសន្និសីទអន្តរជាតិ ក្រោមប្រធានបទ «សាមគ្គីភាពឥស្លាម ទស្សនទាន កាលានុវត្តភាព និងបញ្ហាប្រឈម» នៅទីក្រុង អាប៊ូដាប៊ី ប្រទេសអារ៉ាប់រួមអេម៉េរ៉ាត នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២២ នេះ (ពេលវេលាក្នុងតំបន់)។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថា រាជរដ្ឋាភិបាលបានអនុញ្ញាត ឱ្យមានតំណាងសហគមន៍ ក្លាយជាថ្នាក់ដឹកនាំក្នុងស្ថាប័ន ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ មន្ត្រីការទូតជាន់ខ្ពស់ អាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ កងកំលាំងប្រដាប់អាវុធគ្រប់ប្រភេទ និងមន្ត្រីរាជការនានា។

រាជរដ្ឋាភិបាលបានអនុញ្ញាតជាគោលការណ៍ឲ្យបុរសអាចពាក់កាតឹប និងស្រ្តីឥស្លាមអាចទទូរក្បាល ធ្វើលិខិតឆ្លងដែន អត្តសញ្ញាណប័ណ្ណ ឬថតរូបសម្រាប់ឯកសាររដ្ឋបាលផ្សេងៗ។ សិស្ស-និស្សិតឥស្លាមអាចស្លៀកពាក់ប្រពៃណី និងទទូរក្រមានៅក្នុងពេលរៀន ទាំងនៅគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជន ។ បន្ថែមពីនេះ រាជរដ្ឋាភិបាល ក៏បានបញ្ចូលគ្រូបង្រៀនខ្មែរឥស្លាមចំនួនប្រមាណ ១៥០០ នាក់ ទៅក្នុងក្របខណ្ឌគ្រូបង្រៀននៃក្រសួងអប់រំ យុវជន និងកីឡា និង១៨០នាក់ជាមន្រ្តីជាប់កិច្ចសន្យា។

ក្នុងបរិបទនៃជំងឺកូវីដ-19 រាជរដ្ឋាភិបាលបានអនុញ្ញាតជូនសាសនិកឥស្លាមដែលស្លាប់ដោយជំងឺកូវីដ-19 អាចបញ្ចុះសព និងទទួលបានថវិកាជូនគ្រួសារសពចំនួន ២លានរៀល និងថែមទាំងបានផ្តល់ដីទុកជាកន្លែងបញ្ចុះសពទៀតផង។​ រាជរដ្ឋាភិបាលសម្រេចបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋទូទៅ បានជាង ៩៣% ដែលមានដូសទី៣ ទី៤ និងអាចមានទី៥ ថែមទៀត និងបានសម្រេចបើកសេដ្ឋកិច្ចប្រទេសឡើងវិញទាំងស្រុង ក្នុងនោះម៉ាស្ជិត សូរ៉ាវ និងសាលាសាសនាទាំងអស់ក៏ត្រូវបានបើកទ្វារផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ទាំងអស់នេះ ជាសមិទ្ធិផលកើតចេញពីរាជរដ្ឋាភិបាល តាមរយៈការសាមគ្គីគ្នារបស់សហគមន៍ខ្មែរឥស្លាម រួមចំណែកនឹងប្រជាជនទូទៅ ដែលជាកម្លាំងស្នូលដែលមិនអាចខ្វះបាន និងជាកាលានុវត្តភាពជាច្រើន ដើម្បីទទួលបានសិទ្ធិពេញលេញ និងទូលំទូលាយក្នុងការលើកស្ទួយ និងប្រតិបតិ្តសាសនា ដែលឥស្លាមបានបង្រៀនយើងនៅគ្រប់សម័យកាល៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *