

ជើងហោះហើររវាង រាជធានីភ្នំពេញ និងទីក្រុងបាងកក របស់ក្រុមហ៊ុនអាកាសចរណ៍ VietJet Air ត្រូវបានសម្ភោធបើកឱ្យដំណើការហើយ នាព្រឹកថ្ងៃពុធ ថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ។

នៅក្នុងពិធីសម្ពោធជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ VietJet Airនេះ ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រី បានមានប្រសាសន៍ថា សមិទ្ធិផលនៃការបើកជើងហោះហើររវាង រាជធានីភ្នំពេញ និងទីក្រុងបាងកក របស់ក្រុមហ៊ុន VietJet Air នាពេលនេះ កើតឡើងដោយសារការដឹកនាំដ៏ត្រឹមត្រូវ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវិដ-១៩ ដោយជោគជ័យ និងប្រកបដោយប្រសិទ្ធភាព ធ្វើឲ្យប្រទេសកម្ពុជាមានការប៉ះពាល់តិចជាងបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក ដែលផ្តល់ឱកាសឱ្យបើកដំណើរការសេដ្ឋកិច្ចសង្គមឡើងវិញ។
ឯកឧត្តម មានប្រសាសន៍បន្ថែមទៀតថា ក្នុងនាមថ្នាក់ដឹកនាំរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានសេចក្តីសោមនស្សរីករាយ ដែលបានចូលរួមជាអធិបតីក្នុងពិធីសម្ពោធជើងហោះហើររវាង រាជធានីភ្នំពេញ និងទីក្រុងបាងកក របស់ក្រុមហ៊ុន VietJet Air ដែលជាជើងហោះហើរថ្មីមួយបន្ថែមទៀត ក្នុងការតភ្ជាប់ប្រទេសថៃជាមួយប្រទេសកម្ពុជា ដោយផ្តល់ជូនប្រជាជននៃប្រទេសទាំង ២ នូវជម្រើសកាន់តែច្រើនក្នុងការហោះហើរមកកាន់ប្រទេសកម្ពុជា និងពីកម្ពុជាទៅកាន់ប្រទេសថៃ ក៏ដូចជាស្វាគមន៍ភ្ញៀវទេសចរណ៍ ជាតិ អន្តរជាតិ ពាណិជ្ជករដែលមកទស្សនា និងទទួលយកភាពស្រស់ស្អាតនៃប្រទេសទាំង២ បន្ទាប់ពីបានបាត់មុខពីជំងឺរាតត្បាតដ៏យូរ ៕




