ព័ត៌មានជាតិ

អង្គរសង្ក្រាន្តសៀមរាប ទាក់ទាញភ្ញៀវទេសចរ-អន្តរជាតិ មកលេងកម្សាន្តសប្បាយរីករាយ

 

សៀមរាប៖ មហាជន រួមទាំងភ្ញៀវបរទេសយ៉ាងច្រើនកុះករ បានអញ្ជើញមកលេងកម្សាន្ត ទស្សនា កម្មវិធីនានាក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅខេត្តសៀមរាប ប្រកបដោយភាពសប្បាយរីករាយយ៉ាងក្រៃលែង

នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំ២០២៥។

ជាភ្ញៀវទេសចររស់នៅខេត្តបាត់ដំបង លោក មង្គល តារា យល់ឃើញថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ជំរុញឱ្យយុវជនជំនាន់ក្រោយបានឃើញនូវគំរូល្អ និងជួយលើកស្ទួយវប្បធម៌ខ្មែ។ ជាមួយគ្នានេះលោកថាលោកមានអារម្មណ៍រំភើបដែលឃើញគេរាំលេងកម្សាន្តសប្បាយ ក៏ដូចជាបង្ហាញទស្សនីយភាពបែបបុរាណខ្មែរ។

ស្រដៀងគ្នានេះដែរ កញ្ញា ធីតា រាជធានីភ្នំពេញ បាននិយាយថា ព្រឹត្តិការណ៍នេះពិតជាអស្ចារ្យ ហើយមានរំលេចនូវកម្មវិធីបុរាណជាច្រើនបែបនេះ គឺជាការបង្ហាញ ក៏ដូចជាដាស់តឿនស្មារតីទៅដល់ប្រជាពលរដ្ឋ ជាពិសេសគឺយុវជនជំនាន់ក្រោយៗ ឱ្យបានឃើញពីវប្បធម៌ប្រពៃណីខ្មែរដ៏ផូរផង់ និងបង្ហាញទៅកាន់ពិភពលោក។

សូមជម្រាបថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅមុខបរិវេណប្រាសាទអង្គរវត្ត ២០២៥ឆ្នាំនេះ ការរៀបចំតុបតែងលម្អយ៉ាងស្រស់ស្អាត ប្លែក និងធំជាងឆ្នាំមុនៗ ដូចជា ការសម្តែងទស្សនីយភាព, ចង្វាក់បេះដូងអង្គរ, កម្មវិធីភូមិខ្ញុំ, កម្មវិធីការប្រកួតអុកចត្រង្គ, កម្មវិធីក្បួនដង្ហែអង្គសង្រ្កាន្ត, បណ្តែតគោម , កម្មវិធីយុទ្ធគុនចម្រុះបុរាណខ្មែរ, កម្មវិធីរបាំបុរាណ ប្រពៃណី និងប្រជាប្រិយ, កម្មវិធីសួនញញឹមអង្គរ, កម្មវិធីដង្ហែក្បួនទូក , កម្មវិធីតស់ៗលេងទឹក,ភូមិត្នោត , ពិធីដង្ហែព្រះពុទ្ធបដិមា, អុំទូក ,ការតាំងពិព័រណ៍ , ល្ខោនខោល , ទាញព្រ័ត្រមិត្តភាព , កម្មវិធីសួនមុនីហឫទ័យ, កម្មវិធីផ្សារស្ទឹងសៀមរាប, កម្មវិធីប្រណាំងរទេះគោ-ក្របី និងពិធីស្រង់ព្រះ ជាដើម។

គួរបញ្ជាក់ដែរ ថាគោលបំណងនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត គឺដើម្បីប្រមូលផ្តុំជួបជុំយុវជននិងមហាជន ចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជា« មហាគ្រួសារខ្មែរ » និងជាការបង្ហាញស្នាមញញឹមដ៏ស្រស់ស្អាតរបស់ប្រជាជនខ្មែរលើផ្ទៃរាបជាតិនិងអន្តរជាតិ ក្រោមដំបូលម្លប់ដ៏ត្រជាក់នៃសុខសន្ដិភាព៕

 

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *