ព័ត៌មានជាតិ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប រៀបចំពិធីអបអរសាទរខួបលើកទី ៦៧ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា ១៨កុម្ភៈ១៩៥៥-១៨កុម្ភៈ២០២២

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានរៀបចំពិធីអបអរសាទរខួបលើកទី៦៧ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២២) និង អបអរខួប២៣ឆ្នាំនៃឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ក្រោមអធិបតីភាពលោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប តំណាងឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មធិការសាខា ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាសមាជិក សមាជិកាគណៈកម្មាធិការ គណៈកិត្តិយសសាខា អនុសាខា មន្ត្រីនិយោជិតសាខាកាកបាទក្រហមកម្ពុជាខេត្ត អ្នកស្ម័គ្រចិត្ត ទីប្រឹក្សា យុវជនកាកបាទក្រហមកម្ពុជា មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ត្រីមន្ទីរបរិស្ថានខេត្ត គរុសិស្សនៃសាខាគរុកោសល្យ និងវិក្រឹតការខេត្ត យុវកាយរឹទ្ធិជាតិកម្ពុជា ហសភាពសហព័ន្ធយុវជនកម្ពុជា សរុបជាង ២០០នាក់ ។

លោក ស៊ុំ សំអន នាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានបង្ហាញថា ដើម្បីចូលរួមអបអរសាទរខួបលើកទី៦៧ ថ្ងៃកំណើតកាកបាទក្រហមកម្ពុជា (១៨ កុម្ភៈ ១៩៥៥-១៨ កុម្ភៈ ២០២២) និង អបអរខួប២៣ឆ្នាំនៃឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជា ថ្ងៃនេះយើងបាននាំគ្នាធ្វើពលកម្មសម្អាតបរិស្ថានក្នុងឧទ្យានសហស្សវត្សរ៍កាកបាទក្រហមកម្ពុជានេះ ដោយបោសសម្អាតមែកឈើ ស្លឹកឈើងាប់ ដើម្បីការពារភ្លើងឆេះ ដែលអាចរាលដាលដល់ដើមឈើក្នុងឧទ្យានសហស្សវត្សរ៍ ជាយថាហេតុណាមួយ ហើយជាពិសេសដើម្បីបញ្ជាក់ពីសកម្មភាពចូលរួមរបស់ប្អូនៗយុវជនកាកបាទក្រហមកម្ពុជា ដូចដែលពាក្យស្លោកបានលើកឡើងថា “យុវជនកំពុងនាំគ្នាធ្វើកម្មភាព” ខណៈមន្ត្រីដែលមកពីខ័ណ្ឌរដ្ឋបាលព្រៃឈើខេត្ត គឺជាមន្ត្រីជំនាញពួកគាត់បានធ្វើការក្រីតាក់តែង កាប់មែកឈើដែលចាស់ៗ ចោល ដើម្បីឱ្យដើមរបស់វាអាចលូតលាស់បានល្អ និងកាប់កូនឈើតូចៗ គ្មានប្រយោជន៍ចោល ។

មានប្រសាសន៍នាឱកាសនោះ លោកជំទាវ សុខ ណារ៉ូ អនុប្រធានគណៈកម្មាធិការសាខា បានឱ្យដឹងថា ឧទ្យានសហស្សវត្សរ៍កាកបាទកស្រហមកម្ពុជា ដែលស្ថិតលើទឹកដីដ៏បវរនៃខេត្តសៀមរាបអង្គរនេះ ជាមរតកដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ហើយមានអាយុកាលជិត ២៣ឆ្នាំហើយ ដែលបានដាំដុះឡើងតាំងពីឆ្នាំ ១៩៩៩ មកម្ល៉េះ ក្រោមអធបតីភាពខ្ពងខ្ពង់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា មានទំហំជាង ៦ហិចតា និងមានដើមឈើចំនួនជាង ២.៤៦០ដើម ឧទ្យានសហស្សវត្សរ៍នេះ ជាគម្របធម្មជាតិ និងជាផ្នែកមួយក្នុងការការពារបរិស្ថានតំបន់អង្គរផងដែរ។

លោកជំទាវបន្តថា នៅលើពិភពលោក មានសមាគមជាតិ កាកបាទក្រហម អឌ្ឍចន្ទក្រហម ជាង១៩០ប្រទេស ប៉ុន្តែមានតែប្រទេសកម្ពុជាមួយគត់ ដែលមានឧទ្យាន និងមានដើមឈើរហូតដល់ជាង២.៦០០ដើមនេះ ហេតុនេះការជួបជុំគ្នាថ្ងៃនេះ គឺដើម្បីអបអរថ្ងៃកំណើតកាកបាទក្រហមកម្ពុជាផង និងចង់បណ្ដុះគំនិតដស់បងប្អូនប្រជាពលរដ្ឋ ពិសេស ប្អូនៗជាយុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធិជាតិកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា ឱ្យចេះស្រឡាញ់ធម្មជាតិ ស្រឡាញ់បរិស្ថានបៃតង សំដៅទៅមនុស្សម្នាក់ដាំដើមឈើមួយដើម សម្រាប់ធ្វើជាគំរូ និងទុកជាកេរដំណែលដល់កូនចៅយើងជំនាន់ក្រោយៗទៀត ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *