បន្ទាយមានជ័យ៖ នគរបាលក្រុងប៉ោយប៉ែត បានស្ទាក់ឃាត់រថយន្តហ្វតសេរីឆ្នាំ២០១៧មួយគ្រឿងដែល ចោរលួចមុខស្តង់ត្រីរយៈពេល៤ម៉ោង រកឃើញវិញ នៅពេលចោរលួចបើកធ្លាក់ប្រឡាយទៅមុខលែងរួចនៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នៅភូមិ.សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ នៅវេលាម៉ោង៦.៣០នាទីព្រលប់ថ្ងៃទី០៥ ខែកមរា ឆ្នាំ២០២២នៅចំណុចឃ្លាំងរឺស្តង់ត្រីស្ថិតភូមិ.សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត មានករណីចោរលួចរថយន្តម៉ាក់(FORD.សេរីឆ្នាំ២០១៧)ដែលពាក់ស្លាកលេខបន្ទាយមានជ័យ2E-7998ម្ចាស់ឈ្មោះ សៅ រ៉ា អាយុ៣៧ឆ្នាំ (មានមុខនាំចេញត្រីលក់នៅថៃ)ស្នាក់នៅភូមិកើតហេតុខាងលើមានស្រុកកំណើតស្រុកស្វាយចេក ។
លោកបានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីម្ចាស់រថយន្តដែលត្រូវចោរលួចជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានដឹកនាំកម្លាំងចុះស្រាវជ្រាវ និងរកឃើញរថយន្តដែលត្រូវចោរលួចត្រូវបានផ្លោងចោលនៅពេលបើកទៅមុខលែងរួចដោយកង់ម្ខាងធ្លាក់ប្រឡាយជាប់នៅផ្លូវខាងកើតកន្លែងលួចប្រមាណជិត៥គីឡូម៉ែត្រ។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ ក្រោយកម្លាំងរកឃើញរថយន្តដែលចោរលួចដែលម្ចាស់ទុកសោរចោលក្នុងរថយន្តចតទុកមុខឃ្លាំងរឺស្តង់ត្រី ដែលរកឃើញនៅម៉ោង១០យប់បានយកមកទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតលុះព្រឹកឡើងនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ទើបបានប្រគល់ជូនម្ចាស់វិញហើយផ្តាំផ្ញើដល់ម្ចាស់រថយន្តគ្រប់រូបត្រូវមានការប្រុងប្រយ័ត្នរថយន្តមិនត្រូវធ្វេសប្រហែសទុកសោរចោលដូចម្ចាស់រថយន្តហ្វតត្រូវចោរលួចសំណាងរកឃើញវិញ៕