ខេត្តសៀមរាប៖ ព្រោះតែកត្តាជីវភាពបណ្ដាលឱ្យបុរសពីរនាក់ចេញទៅឆ្លុះសត្វកង្កែបហុីង ទាំងដែលមេឃកំពុងភ្លៀងធ្លាក់ខ្លាំងនិងមានផ្គររន្ទះតែជាអកុសលត្រូវរន្ទះបាញ់ស្លាប់ពេលកំពុងតែដើរចាប់កង្កែបហុី។
កាលពីយប់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប មានករណីរន្ទះបាញ់ប្រជាពលរដ្ឋ ចំនួន ២នាក់ស្លាប់ នៅពេលកំពុងដើរឆ្លុះសត្វកង្កែបហុីងនៅតាមវាលស្រែ។
តាមរបាយការណ៍របស់សមត្ថកិច្ចស្រុកប្រាសាទបាគង បង្ហាញថា ប្រជាពលរដ្ឋទាំង២នាក់នោះ ត្រូវបានរន្ទះបាញ់ស្លាប់នៅវេលាម៉ោងប្រហែល ៩យប់ នៅពេលកំពុងភ្លៀងខ្លាំង និងស្ថិតក្នុងឃុំ ២ផ្សេងគ្នា។ ជនរងគ្រោះទាំងពីរ បានស្លាប់ បាត់បង់ជីវិត មុនពេលដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ជនរងគ្រោះទាំង២ មានឈ្មោះ ជី ផល្លី ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិគោកត្នោត ឃុំកណ្ដែក និង ឈ្មោះ ឈាវ ឈាន អាយុ ២៨ ឆ្នាំ រស់នៅភូមិបង្កោង ឃុំអំពិល។ បច្ចុប្បន្នសាកសមត្រូវបានក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕