ព័ត៌មានជាតិ

យុវជន៣០០នាក់ ដែលមួយចំនួនមកពីគ្រួសារក្រីក្រ ទទួលបានការបណ្តុះបណ្តាលលើវិស័យទេសចរណ៍

យុវជនចំនួន៣០០នាក់ ក្នុងនោះមាននារីចំនួន១៦៩នាក់ មកពីគ្រួសារក្រីក្រ ខ្លះនិង មិនចេះអក្សរ បានទទួលការបណ្តុះបណ្តាលលើមុខជំនាញមួយចំនួនក្នុងវិស័យទេចរណ៍ រួមមាន ៖ ផ្នែកបដិសណ្ឋារកិច្ច , ជំនាញការិយាល័យជួរមុខ ជំនាញគេហកិច្ច និងសេវាកម្មម្ហូបអាហារ និង ភេសជ្ជៈ ឆ្នាំ ២០២៣ នៅសាកលវិទ្យាល័យអង្គរ ក្នុងខេត្តសៀមរាប ដែលសិក្សាពេញម៉ោង មានរយៈពេល ៦ខែ តាមរយៈគំនិតផ្តួចផ្តើមរបស់សមាគមក្លឹបទេសចរណ៍សៀមរាប ដោយទទួលបានការគាំទ្រសហហិរញ្ញប្បទានរវាងវិស័យឯកជន និងរាជរដ្ឋាភិបាលកម្ពុជានិងតាមរយៈមូលនិធិអភិវឌ្ឍន៍ជំនាញ Skill Development Fund (SDF) របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាយុទ្ធសាស្រ្តតស្តារឡើងវិញរបស់រាជរដ្ឋាភិបាលដើម្បីពង្រឹងគុណភាពសេវាកម្ម និងមាន ការគាំទ្រឯកសារពីគណៈគ្រប់គ្រងគម្រោងហូកា (HOKA) នៃក្រសួងទេសចរណ៍ផងដែរ ។

លោក ហ្វីលីព សែតកៅ មក្លឹបទេសចរណ៍សៀមរាប បានឲ្យដឹងថា ការបណ្ដុះបណ្ដាលនេះ គឺដើម្បីបំពេញកម្លាំងពលកម្មផ្នែកបដិសណ្ឋាកិច្ចវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប បន្ទាប់ពីវិស័យមួយនេះទទួលរងផលប៉ះពាល់យ៉ាងខ្លាំង ក្នុងអំឡុងពេលនៃការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ ដែលបានធ្វើឲ្យប៉ះពាល់ដល់បុគ្គលិកសរុបចំនួន ៣២.៨១១នាក់ ក្នុងចំណោមអាជីវកម្មសរុបចំនួន ២.២៣៣ អាជីវកម្មដែលត្រូវបានបិទ-ផ្អាកទូទាំងប្រទេស តាមស្ថិតិត្រឹមថ្ងៃទី៣១ខែធ្នូ ឆ្នាំ២០២១ ស្របតាមរយៈអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានស្នើឲ្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ផ្ដល់អទិភាពដល់ការដាក់អនុវត្តជាក់ស្ដែង ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់ “វិស័យទេសចរណ៍ជាមាសបៃតង” ដែលជាវិស័យមួយចូលរួមដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ របស់កម្ពុជា ។

ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប មានប្រសាសន៍ថា សៀមរាបជាខេត្តដែលមានសក្តានុពលទេសចរណ៍ដ៏សំខាន់មួយរបស់កម្ពុជា ប៉ុន្តែវិបត្តិជំងឺកូវីដ-១៩ បានធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍ ដែលកត្តានេះ បានធ្វើឲ្យអ្នកបម្រើការលើវិស័យនេះមួយចំនួនបានចាកចេញទៅបម្រើការនៅទីកន្លែងផ្សេ ប៉ុន្តែនៅក្នុងកាលៈទេសៈដែលប្រទេសកម្ពុជា បានចេញផុតពីវិបត្តិជំងឺកូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា បានខិតខំស្តារឡើងវិញលើគ្រប់វិស័យ ដូច្នេះការបើកវគ្គបណ្តុះបណ្តាលនេះ ក៏ជាផ្នែកមួយនៃការបំពេញបន្ថែមលើកម្លាំងពលកម្មដែលកំពុងខ្វះខាត ហើយក៏ជាផ្នែកមួយនៃការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋផងដែរ ដូច្នេះក្នុងឱកាសនេះ សូមលើកទឹកចិត្តដល់យុវជនទាំងអស់ដែលទទួលបាននូវការបណ្តុះបណ្តាលនេះ ត្រូវព្យាយាមអត់ធ្មត់យកចិត្តទុកដាក់រៀនសូត្រ ព្រោះវាជាជាផ្លូវតម្រង់ទិសដែលជួយដល់ប្អូនៗក្នុងការចាកចេញឆ្ងាយពីភាពក្រីក្រ ។

ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា កម្មវិធីបណ្តុះបណ្តាលប្រកបដោយស្តង់ដា និងធនធានគ្រូបង្គោលល្អៗ បច្ចុប្បន្នដៃគូពាក់ព័ន្ធរបស់យើងបានកំពុងធ្វើការជាមួយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ដើម្បីរៀបចំទៅជាកម្មវិធីបណ្តុះបណ្តាលពេញម៉ោង (Full-time training) ជាអាទិ៍សាលាបណ្តុះបណ្តាលបដិសណ្ឋារកិច្ចនិងទេសចរណ៍ ស្ពូន ខេត្តសៀមរាប អង្គការមជ្ឈមណ្ឌលធនធានវិស័យទេសចរណ៍ ខេត្តព្រៃវែង មជ្ឈមណ្ឌលអប់រំបច្ចេកទេសមិត្តភាពកម្ពុជា-ជប៉ុន ខេត្តសៀមរាប និងជាពិសេសសមាគមន៍ទេសចរណ៍ខេត្តសៀមរាប បានកំពុងធ្វើការបណ្តុះបណ្តាលដោយប្រើប្រាស់កម្មវិធី និងឯកសារបណ្តុះបណ្តាលរបស់ហូកា។

ឯកឧត្តមបន្តថា តាមផែនការទៅថ្ងៃអនាគតយើងនឹងជំរុញឲ្យកម្មវិធីបណ្តុះ បណ្តាលបដិសណ្ឋារកិច្ច ហូកា ក្លាយទៅជាកម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិស្របតាមប្រព័ន្ធគុណវុឌ្ឍិជាតិកម្ពុជា ដែលមានការទទួលស្គាល់ប្រកបដោយសង្គតិភាពពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលជាការបង្កើតឱកាសការងារដល់យុជន ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និងមានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីគ្រប់ភាគីពាក់ព័ន្ធ ក្នុងការអភិវឌ្ឍធនធានមនុស្សមានសមត្ថភាពទទួលស្គាល់ស្របតាមស្តង់ដាជាតិ និងអាស៊ាន ដូច្នេះក្នុងឱកាសនេះ សូមក្មួយៗជាសិក្ខាកាមទាំងអស់ ត្រូវខិតខំប្រឹងប្រែងរៀនសូត្រ ស្រូបយកចំណេះដឹង ជំនាញ និងបទពិសោធន៍ពីគ្រូឧទ្ទេស ដើម្បីមានសមត្ថភាពគ្រប់គ្រាន់ក្នុងវិជ្ជាជីវៈទេសចរណ៍ ។

គួររំលឹកថា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិជាង ២,២៨ លាននាក់ កើនឡើង ១០៥៩ភាគរយ បើធៀបឆ្នាំ២០២១ ក្នុងនោះភ្ញៀវទេសចរផ្ទៃក្នុង ធ្វើដំណើរកម្សាន្តក្នុងប្រទេស មានទេសចរជាតិប្រមាណ ១៣,៩៣ លាននាក់ កើនឡើង ១៩៩ភាគរយនិង ទេសចរបរទេសផ្ទៃក្នុងប្រមាណ ១,៨៨ លាននាក់ កើនឡើង ៥៧២ភាគរយ ។

ការចាប់កម្រើកឡើងវិញនៃចរន្តទេសចរណ៍នេះ បានធ្វើឱ្យអាជីវកម្មទេសចរណ៍ជាច្រើនទីតាំង ប្រមាណ ៨៥ភាគរយ បានបើកដំណើរការអាជីវកម្មឡើងវិញ បន្ទាប់ពីបានបិទ/ផ្អាកអាជីវកម្មក្នុងរយៈពេលកន្លងទៅ ខណៈឆ្នាំ២០២៣ នេះ កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ ៤ លាននាក់ និងទេសចរជាតិប្រមាណ១៥ លាននាក់ តាមរយៈការដាក់ចេញយុទ្ធនាការ “ឆ្នាំទស្សនាកម្ពុជា ២០២៣” យុទ្ធនាការ “យើងជាម្ចាស់ផ្ទះ” រួមជាមួយនឹងចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ” ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *