ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន និងឯកឧត្តម យស់ ឆោមណារ៉ាឌី អញ្ជើញដាក់ព្រះនេត្ររូបសំណាកព្រះស្កន្ទគង់លើក្ងោក នាព្រឹកម៉ិញនេះ

នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និងឯកឧត្តម យស់ ឆោមណារ៉ាឌី អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញដាក់ព្រះនេត្ររូបសំណាកព្រះស្កន្ទគង់លើក្ងោក ដែលមានទីតាំងស្ថិតនៅចំណុចប្រសព្វវិថី២ធ្នូ និងវិថីសម្តេចតេជោ ក្នុងភូមិសាស្ត្រសង្កាត់លេខ៤ ក្រុងព្រះសីហនុ បន្ទាប់ពីបានលើកដាក់លើបល្ល័ង្ករួចរាល់។ 

រូបសំណាកព្រះស្កន្ទគង់លើក្ងោកនេះគឺជារូបសំណាកទី៤ បន្ទាប់ពីរូបសំណាកធំៗចំនួន៣ផ្សេងទៀត ដែលត្រូវបានកសាងរួចរាល់ដាក់ឱ្យដំណើរការ នៅលើទឹកដី នៃខេត្តព្រះសីហនុ ហើយបានទាក់ទាញនូវចំណាប់អារម្មណ៍ពីភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ជើញមកទស្សនា និងថតផ្តិតយករូបភាពយ៉ាងច្រើនកុះករនាពេលបច្ចុប្បន្ន។ 

សូមជម្រាបជូនថា រូបសំណាកព្រះស្កន្ទគង់លើក្ងោកនេះគឺធ្វើពីស្ពាន់មានទម្ងន់១៥តោន ព្រះនេត្រធ្វើពីត្បូងនិល ព្រះហស្ថស្តាំកាន់ត្រីសូរ ព្រះហស្ថឆ្វេងកាន់ឈូក មានកម្ពស់សរុបប្រមាណជា១៤ម៉ែត្រ ក្នុងនោះរូបសំណាកព្រះស្កន្ទមានកម្ពស់៧ម៉ែត្រ និងបល្ល័ង្កកម្ពស់៧ម៉ែត្រ។នេះបើយោងតាមរដ្ឋបាលខេត្តព្រះសីហនុ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *