ព័ត៌មានជាតិ

អាជ្ញាធរជាតិព្រះវិហារធ្វើពិធីសែនព្រេន បើកការដ្ឋានសម្រាប់ការងារអភិរក្ស និងកែលម្អស្ពានហាលគោបុរៈទី២ ដំណាក់កាលទី៣

នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារបានរៀបចំពិធីសែនព្រេន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០២២ ដើម្បីបើកការដ្ឋានសម្រាប់ការងារអភិរក្ស និងកែលម្អស្ពានហាលគោបុរៈទី២ ដំណាក់កាលទី៣ ហើយថវិកាសម្រាប់ធ្វើការ អភិរក្ស និងកែលម្អស្ពានហាលគោបុរៈទី២នេះគឺទទួលបានមកពីសប្បុរសជនរបស់ឧបាសក ព្រះញាតិអាស្រមមហាឧត្ដម (លើកទី២)ចំនួន២៩,០០០,០០០៛ ។

សូមជម្រាបផងដែរថា កន្លងមកស្ពានហាលគោបុរៈទី២ នេះធ្លាប់ធ្វើការងារអភិរក្សចំនួន២ ដំណាក់កាលរួចមកហើយ ដែលដំណាក់កាលទី១ នៅក្នុងឆ្នាំ២០១៧ ទទួលបានថវិកាចំនួន២៣,០០០,០០០៛ សម្រាប់ការអភិរក្ស និងកែលម្អបង្កាន់ដៃនាគផ្នែកខាងកើត ដំណាក់កាលទី២ ក្នុងឆ្នាំ២០២០ ទទួលបានថវិកាចំនួន ១២,០០០,០០០៛ សម្រាប់ការអភិរក្ស និងកែលម្អបង្កាន់ដៃនាគផ្នែកខាងលិច(ដែលជាថវិកាសប្បុរសជន ឧបាសកព្រះញាតិអាស្រមមហាឧត្ដម លើកទី១) ។
ចំពោះការងារដំណាក់កាលទី៣នេះ ជាការងារជួសជុល និងលើកឡើងវិញនូវថ្មកម្រាលស្ពានហាលផ្នែកខាងមុខជណ្ដើរឡើង ដែលរលុះធ្លាក់មកក្រោម និងជួសជុលបង្គោលផ្កាឈូកចំនួន ២បង្គោល នៅផ្នែកខាងកើតស្ពានហាល ដែលមានបំណែកគ្រប់។

ក្រោយពីបញ្ចប់ការងារនេះ ក្រុមការងាររំពឹងថា ស្ពានហាលនៅគោបុរៈទី២ នឹងមានភាពល្អប្រសើរ និងឈានទៅរកស្ថានភាពដើមឡើងវិញ។នេះបើយោងតាមអាជ្ញាធរជាតិព្រះវិហារ៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *