សៀមរាប៖សេចក្តីរាយការណ៍បានឲ្យដឹងថា ដោយសារភ្លើងកំហឹងជម្លោះដ៏រ៉ាំរ៉ៃ ជនសង្ស័យអតីតជាប្ដីបាន លបមកកាប់ស្ត្រីជនរងគ្រោះជាច្រើនពូថៅបណ្ដាលឲ្យរបួសធ្ងន់រួចគេចខ្លួនបាត់។ប៉ុន្តែត្រូវបានកម្លាំងអាវុធហត្ថខេត្តសៀមរាប សហការណ៍ជាមួយកម្លាំងអាវុធហត្ថស្រុកក្រឡាញ់ ស្រាវជ្រាវបំបែកសំណុំរឿងឃាតកម្មដ៏សាហាវនេះបាន។ហេតុការណ៍ឃាត់ខ្លួននេះធ្វើឡើងនៅវេលាម៉ោង១១និង៣០នាទីថ្ងៃទី០៥ខែមិថុនាឆ្នាំ២០២២នៅចំណុចភូមិគោកដូង ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប។
លោកអនុសេនីយឯកសៀក សោភា នាយការិយាល័យព្រហ្មទណ្ឌនៃកងរាជអាវុធហត្ថខេត្តសៀមរាបបានឲ្យដឹងថា ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត,លោកមេបញ្ជាការរង និងសម្របសម្រួលនីតិវិធីដោយតំណាងអយ្យការអមសាលាដំបូងខេត្ត ទើបកម្លាំងជំនាញព្រហ្មទណ្ឌនៅកងរាជអាវុធហត្ថខេត្តចុះស្រាវជ្រាវដល់កន្លែងកើតហេតុហើយបានឃាត់ខ្លួនជនដៃដល់បានក្នុងរយៈពេលប៉ុន្មានជា៤ម៉ោងប៉ុណ្ណោះ។
លោកបន្តថា ករណីនេះ បានកើតឡើងនៅវេលាម៉ោង ០៨ និង ៣០នាទី ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ មានករណីឃាតកម្ម(អតីតប្តីយកពូថៅកាប់ប្រពន្ធ) កើតមាននៅចំណុចភូមិវខ្នាសង្កាត់ជ្រាវ ក្រុងសៀមរាបខេត្តសៀមរាប បង្ករដោយប្តីឈ្មោះ ទូច សុខា ភេទប្រុសអាយុ៦៣ឆ្នាំរស់នៅភូមិដូរតន្ត្រី ឃុំកំពង់ថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប បានយកពូថៅកាប់ទៅលើជនរងគ្រោះជាប្រពន្ធឈ្មោះលី ហឿន អាយុ៦៩ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។លោកបន្ថែមថា ជនរងគ្រោះរបួសនៅត្រង់ក្បាលចំនួន០៤ពូថៅលើថ្ងាស២ពូថៅនិងចំពីលើក្បាល០២ពូថៅ(របួសធ្ងន់យកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
លោកបញ្ជាក់ថា ក្រោយពីកាប់ប្រពន្ធរួចជនបង្កខាងលើបានជិះម៉ូតូគេចខ្លួនដោយបានយកពូថៅទៅជាមួយធ្វើដំណើរដល់ស្រុកក្រឡាញ់ កម្លាំងអាវុធហត្ថស្រុកក្រឡាញ់និងកម្លាំងអាវុធហត្ថខេត្តបានដេញតាមមុខសញ្ញា រហូតឃាត់ខ្លួនបាន។
លោកបញ្ជាក់ថា តាមការសួរនាំមូលហេតុមកពីប្តីប្រពន្ធខាងលើរស់មិនចុះសម្រុងគ្នាតែងតែមានទំនាស់ពាក្យសំដីជាញឹកញាប់ ។បច្ចុប្បន្នកម្លាំងអាវុធហត្ថខេត្តសៀមរាប កំពុងរៀបចំសំណុំរឿង បញ្ជូនជនសង្ស័យខាងលើទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់៕