ព័ត៌មានជាតិ

ក្រុមហ៊ុនហ្វូតផេនដា សហការជាមួយអាជ្ញាធរក្រុង ដំាកូនឈើ ចំនួន៥០០ដើមនៅតំបន់បី នៃបឹងទន្លេសាប នាខេត្ដសៀមរាប

ក្រុមបុគ្គលិក នៃក្រុមហ៊ុនហ្វូតផែនដា បានសហការជាមួយអាជ្ញាធរក្រុងសៀមរាប សហគមន៍បឹងពារាំង និងមន្ដ្រីជលផល នៅខេត្ដសៀមរាប ប្រមាណ១០០នាក់ បាននាំគ្នាដាំកូនឈើព្រៃលិចទឹក ដើម្បីស្ដារព្រៃលិចទឹកឡើងវិញ នៅតំបន់បឹងពារាំងនៃបឹងទន្លេសាប នាថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២នេះ។


លោក បូ ម៉េងទ្រី អភិបាលរងក្រុងសៀមរាប មានប្រសាសន៍ថា ការដាំកូនឈើព្រៃលិចទឹកនេះ មានចំនួន ៣ប្រភេទ រួមមានកូនដើមរាំង កូនដើមត្រស់ និងដើមកន្សែង ដោយដាក់ដាំនៅលើដីមានចំនួនជាង២ហិកតា ស្ថិតនៅតំបន់ទេសចរណ៍បឹងពារាំង។ លោក បន្តថា ព្រៃលិចទឹកនេះមានសារ:សំខាន់ខ្លាំងណាស់ ព្រោះព្រៃលិចទឹកជាជម្រកត្រីពងកូន និងជួយកាត់បន្ថយការប្រែប្រួលអាកាសធាតុ កាត់កន្ថយការហូរច្រោះដីចូលបឹងទន្លេសាប ជម្រកសត្វស្លាប ជាពិសេសព្រៃលិចទឹកមានភាពទាក់ទាញអ្នកទេសចរផងដែរ។ លោកបានបន្ដទៀតថា ដីព្រៃលិចទឹកនេះ ស្ថិតក្នុងតំបន់៣ដែលបានដកហូតពីជនខិលខូចកន្លងមកនៅក្នុងក្រុងសៀមរាប មានចំនួនជាង២ពាន់៤រយហិកតា ប៉ុន្ដែរដ្ឋបាលក្រុងមានផែនការដាំស្ដារឡើងវិញជាបន្ដបន្ទាប់ នូវដើមឬស្សី ដើមរាំង គ្រាប់ត្នោត ក្នុងសង្កាត់ទាំង៧ នៅលើទីតាំងជាប់បឹងទន្លេសាប ដីនេះគឺជាការកាប់ទន្ទ្រានឈូសឆាយកាន់កាប់កន្លងមក។ លោក បានឱ្យដឹងដែរថា នៅពេលដែលទឹកទន្លេសាបស្រក នឹងបន្ដដាំកូនឈើលិចទឹកបន្ថែមទៀតរហូតដល់គ្រប់ផែនការដែលរាជរដ្ឋាភិបាលបានកំណត់។
លោក គង់ មង្គល ប្រធានសមាគម សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង លោកមានប្រសាសន៍ថា កូនឈើព្រៃលិចទឹកនេះមានប្រមាណ៥០០ដើម ដាក់ដាំក្នុងគោលបំណង ដើម្បីស្ដារព្រៃលិចទឹកឡើងវិញ ។ លោកបានបង្ហាញទស្សន:ថា ការដាំកូនព្រៃលិចទឹកឡើងវិញ គឺជាការចូលរួមចំណែកក្នុងការថែរក្សាព្រៃលិចទឹក ខណ:ដែលតំបន់នោះធ្លាប់បានអគ្គីភ័យឆាបឆេះអស់ជាច្រើនហិកតា។ ការចូលរួមចំណែកក្នុងការអភិរក្សព្រៃលិចទឹកនេះ គឺជាការលើកស្ទួយតំបន់ទេសចរណ៍បឹងពារាំង ក៏ដូចជាជួយការពារសត្វស្លាបដែលបាននឹងកំពុងរស់នៅទីនោះ ឱ្យបានគង់វង្សផងដែរ៕ប្រភពមន្ទីរព័ត៌មានខេត្តសៀមរាប

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *