ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោកសេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ និងក្រុមការងារបានជួបសំណេះសំណាល សួរសុខទុក្ខ និងប្រគល់អំណោយរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គីភ័យ ចំនួន ១៥ គ្រួសារ ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ ដោយក្នុង១គ្រួសារទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី១កេស ទឹកត្រី១យួរ ទឹកសុទ្ធមួយកេះ និងថវិកា មួយចំនួន។
មានប្រសាសន៍ក្នុងឱកាសនោះ លោក សេង គន្ធ បាននាំយកនូវការផ្ដាំផ្ញើសួរសុខទុក្ខ ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
លោកអភិបាលខណ្ឌ ក៏បានសម្តែងនូវការអាណិតអាសូរ ចំពោះបងប្អូនទាំងអស់ ដោយបានបញ្ជាក់ថា នេះគឺជាបញ្ហាមួយធ្វើឲ្យយើងទាំងអស់គ្នា ត្រូវមានការប្រុងប្រយ័ត្នឱ្យបានច្រើនកុំឱ្យកើតមានឡើងឧបទ្ទវហេតុអគ្គីភ័យបន្តទៀត៕
អត្ថបទ និងរូបភាព៖ លោក តូច ធុន
កែសម្រួល៖ លោក រ៉ា សីហា