ព័ត៌មានជាតិ

តើយុត្តិធម៌មានសម្រាប់ប្រជាពលរដ្ឋទន់ខ្សោយស្លូតត្រង់ដែរឬទេ? ឬក៏មានសម្រាប់តែក្រុមអ្នកមានអំណាចនិងមានលុយ?

ប្រជាពលរដ្ឋ ២៣១ គ្រួសារដែលមានតំណាង ៥ រូប នៅភូមិបុស្ស ភូមិ សេរីអោ ភូមិវត្ត ក្នុងឃុំត្រស់ និងភូមិត្រពាំងស្មាច់ ក្នុងឃុំអណ្តូងត្របែក ស្រុករហមាសហែក ខេត្តស្វាយរៀង សូមអំពាវនាវដល់ឯកឧត្តម ហួត ហាក់រដ្ឋមន្ត្រីក្រសួងអធិការកិច្ច មេត្តាជួយអន្តរាគម និងចុះស៊ើបអង្កេត ស្រាវជ្រាវ ដោះស្រាយជួនពួកគាត់ផង។ និងជាពិសេសបំផុត គឺសម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមមេត្តាដ៏ខ្ពង់ខ្ពស់បំផុត ជួយដោះស្រាយដីពលរដ្ឋ ពីឈ្មួញដែលអ្នកមានអំណាចក្នុងខេត្តស្វាយរៀង ឃុបឃិតគ្នាយកដីនោះលក់ ហ្នឹងធ្វើការបែងចែកប្រគល់ដីជូនមកប្រជាពលរដ្ឋទាំង ២៣១ គ្រួសារឲ្យបានស្មើៗគ្នាផង។ ត្បិតដី ៣៥៩ ហិចតាគឺជាគោលរបបដែលសម្ដេចតេជោហ៊ុន សែន ចែកជូនពួកគាត់ តែបែរជាមិនបានមកដល់ដៃប្រជាពលរដ្ឋនោះទេបែរជាបានទៅលើដៃឈ្មួញមកពីបណ្ដាខេត្តផ្សេងៗទៅវិញ។

ត្បិតដី៤៧៦ហិចតាដែលសម្តេចពុក ចែកជួនពលរដ្ឋចំនួន៣១០គ្រួសារកាលពីឆ្នាំ២០១១នោះ សាលាខេត្តស្វាយរៀងធ្វើការបែងចែកបានតែពលរដ្ឋ 78 គ្រួសារនៅក្នុងឃុំអណ្ដូងត្របែកស្រុករមាសហែកតែប៉ុណ្ណោះ គឺអស់ផ្ទៃដីសរុបតែចំនួន 117 ហិចតា ដែលក្នុងនោះមួយគ្រួសារទទួលបាន 1 ហិចតាកន្លះ ចំណែកដីនៅសល់ 359 ហិចតាទៀតគឺអាជ្ញាធរខេត្តស្វាយរៀងបានសន្យាជាមួយប្រជាពលរដ្ឋ 231 គ្រួសារថានឹងលើកយកមកបែងចែកជូនប្រជាពលរដ្ឋស្មើៗគ្នានៅពេលក្រោយ។តែគិតតាំងពីរពេលសន្យារបស់សាលាខេត្តស្វាយរៀងមកដល់បច្ចុប្បន្នគឺមានអាយុកាលជាង 10 ឆ្នាំមកហើយ នៅតែមិនឃើញអាជ្ញាធរខេត្តស្វាយរៀងធ្វើការបែងចែកនិងដោះស្រាយដីនោះជូនពួកគាត់នៅឡេីយ។ ខណៈដែលពួកគាត់បានលើកគ្នាទៅតវ៉ាជាច្រើនលើកច្រើនសារយ៉ាងណាក៏ដោយ គឺបានតែនូវពាក្យសន្យាថានឹងដោះស្រាយជូនបងប្អូនពុកម៉ែទាំងអស់គ្នាតែប៉ុណ្ណោះ។ តែផ្ទុយទៅវិញដីទាំងអស់នោះគឺក្លាយទៅជាចំការកៅស៊ូស្វាយចន្ទី ដំឡូងអស់ទៅហើយ។

គឺដីនោះនៅពុំទាន់បានដល់ដៃពួកគាត់ទេ ទោះជាមានកិច្ចអន្តរាគម ពីខុទ្ទកាល័យសម្ដេចនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី០៦ កក្តដាឆ្នាំ២០២៣ និងកិច្ចអន្តរាគមន៍ ចំណារដ៍ខ្ពង់ខ្ពស់ចុះថ្ងៃទី ១៧ កក្តដា ឆ្នាំ២០២៣ របស់សម្ដេចគតិសង្ហហះបណ្ឌិត ម៉ែន សំអន ចំណារបញ្ជួនឱ្យចៅហ្វាយខេត្តស្វាយរៀងដោះស្រាយជូនពួកគាត់យ៉ាងណាក៏ដោយ ក៏អាជ្ញាធរខេត្តស្វាយរៀងមិនអើពើលើកយកមកដោះស្រាយជូនប្រជាពលរដ្ឋទាំង ២៣១ គ្រួសារនោះដែរ។

ប្រជាពលរដ្ឋទាំង ២៣១ គ្រួសាររស់នៅភូមិឃុំស្រុកខេត្តខាងលើ លោកមិនអស់សង្ឃឹមនោះទេ ពីព្រោះកម្ពុជា មានម្លប់សន្តិភាព ដ៍ខ្ពង់ខ្ពស់របស់ សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាហើយក៍មានការជឿជាក់ទុកចិត្តយ៉ាងមុតមាំបំផុត ចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ ថ្មី ដែលដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ប្រជាពលរដ្ឋពិតជាមានក្តីសង្ឃឹមថានិងមានយុត្តិធម៌ជាក់ជាពុំខាន។ទោះបីជាមានការលើកឡើងពីប្រជាពលរដ្ឋយ៉ាងដូច្នេះក្តីអង្គភាពសារព័ត៌មានយើង នៅមិនអាចសុំការបំភ្លឺពីបុគ្គលពាក់ព័ន្ធនិង សមត្ថកិច្ចឬអាជ្ញាធរក្នុងខេត្តស្វាយរៀងបាននៅឡើយ អង្គភាពយើងស្វាគមន៍រាល់ការបកស្រាយបំភ្លឺ បើយល់ឃើញថាព័ត៌មានខាងលើនេះមិន សុក្រឹតសម្រាប់ខ្លួន៕ដោយ៖រី រិន

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *