មានករណីជនរងគ្រោះ២នាក់បានធ្លាក់ពីទូកនេសាទចូលទៅក្នុងលម្ហសមុទ្របាត់ខ្លួន កាលពីវេលាម៉ោងជិត៧យប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចចន្លោះកោះតាង និងកោះពីរ ស្ថិតនៅភូមិសាស្ត្រសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
បើតាមសាច់ញាតិម្ចាស់ទូកប្រាប់សមត្ថកិច្ចតាមទូរស័ព្ទថា មុនពេលកើតហេតុនៅលើទូកមានមនុស្សចំនួន៦នាក់ ហើយអ្នកធ្លាក់ទឹកបាត់ខ្លួននោះ មានស្ត្រីអាយុ២៤ឆ្នាំម្នាក់ និងក្មេងស្រីតូចម្នាក់ មានទីលំនៅបច្ចុប្បន្នភូមិ៣ សង្កាត់៣ ក្រុង/ខេត្ត ព្រះសីហនុ(ក្នុងទំនប់ផែរ៉ូយ៉ាល់ចាស់)។
ក្រោយពេលកើតហេតុ សមត្ថកិច្ចចំរុះមានកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹក ក្រុមការងារសង្រ្គោះរបស់អ្នកឧកញ៉ា ទៀ វិចិត្រ កងការពារកោះតាងលេខ៣បញ្ជាការដ្ឋានការពារកោះឆ្នេរ, ស្នាក់ការសន្តិសុខកោះតាង ទីបញ្ជាការជួរមុខ គណកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នគរបាលការពារព្រំដែនទឹក និងប្រជានេសាទបានចេញជួយស្វែងរកជនរងគ្រោះ គិតមកត្រឹមព្រឹកថ្ងៃទី២ ខែតុលានេះ គេនៅមិនទាន់រកជនរងគ្រោះឃើញនៅឡើយ៕