ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសាធារណការ៖យានយន្តជាង១៧ម៉ឺនគ្រឿង ហួសសុពលភាពឆៀក

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមណ្ឌលត្រួត ពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ នៅព្រឹកថ្ងៃទី២០ ខែធ្នូនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានគូសបញ្ជាក់ថា យានយន្តចំនួនប្រមាណជាង ១៧០ពាន់គ្រឿង បានហួសសុពលភាពឆៀក ក្នុងចំណោមយានយន្ត ដែលបានចុះបញ្ជីសរុប ជាង១លានគ្រឿង នៅទូទាំងប្រទេស។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានអំពាវនាវប្រជាពលរដ្ឋ សូមយកយានយន្តមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឱ្យបានទៀងទាត់ ជៀសវាងទទួលរងនូវការផាកពិន័យដោយ សារហួសសុពលភាព។ ពិសេសដើម្បីចូលរួមកាត់ បន្ថយគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន ដូចបានរៀបរាប់ពីខាងដើម។ ឯកឧត្តម បញ្ជាក់ថា ដើម្បីបញ្ចៀសនូវការរង់ចាំ និងកកស្ទះនៅមណ្ឌលឆៀក បងប្អូនប្រជាពល រដ្ឋក៏អាចដាក់ពាក្យតាមប្រព័ន្ធអនឡាញ ដើម្បីណាត់ពេលវេលាក្នុងការយាន យន្តមកត្រួតពិនិត្យ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល មានប្រសាសន៍ថា៖ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) ថ្មី ដែលប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាឱកាសនេះ គឺបង្កើតឡើងក្នុងគោលបំណងដើម្បីពង្រីកការផ្តល់សេវាសាធារណៈឱ្យកាន់តែទូលំទូ លាយ និងកាន់តែខិតជិតបងប្អូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល។ មណ្ឌលឆៀក សាខាផ្សារដីហុយនេះ គឺស្ថិតក្រោមប្រតិបត្តិការរបស់ក្រុមហ៊ុន So Brothers Co., Ltd. ជាក្រុមហ៊ុនមួយក្នុងចំណោម៥ ដែលទទួលបានអាជ្ញាបណ្ណអនុញ្ញាតឱ្យធ្វើអាជីវកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តពីក្រសួងសាធារណការ និងដឹកជញ្ជូន ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តទៀតថា៖ ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ឱ្យបានទៀងទាត់ទៅ តាមការកំណត់ គឺពិតជាមានសារៈសំខាន់ជាខ្លាំង ពី ព្រោះវាធានាបាននូវការផ្តល់សុវត្ថិភាព ដល់យានយន្តពេលធ្វើចរាចរណ៍នៅលើដងផ្លូវ។ ពិសេសគឺចូលរួមចំណែកក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយកត្តាយានយន្តយន្ត ព្រមទាំងរួមចំណែកថែរក្សាបរិស្ថាន។
សូមជម្រាបជូនដែរថា៖ មណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្ត (ឆៀក) សាខាផ្សារដីហុយ មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ១៩៨៦ ក្នុងភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជាទីតាំងដំបូង របស់ក្រុមហ៊ុន So Brothers Co., Ltd. សាងសង់លើផ្ទៃដីទំហំ ៣៩៦០ ម៉ែត្រក្រឡា បំពាក់ដោយ២ខ្សែត្រួត ពិនិត្យ ក្នុងនោះខ្សែទីមួយសម្រាប់ត្រួតពិនិត្យយានយន្ត ដែលមានទម្ងន់អ័ក្សរហូតដល់ ៣តោន និងខ្សែទីពីរសម្រាប់ត្រួតពិនិត្យយានយន្ត ដែលមានទម្ងន់អ័ក្សរហូតដល់ ១០តោន៕

default

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *