ភ្នំពេញ ៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ បាននាំយក អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅចែកជូនកម្មកប្រមូលសំរាម ជិត២.០០០នាក់ ដែលមានជីវភាពខ្វះខាត។
លោក ហួត ហៃ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានផ្ដល់អំណោយនៅពេលនេះ គឺទុកដោះស្រាយជីវភាពដល់បងប្អូន ហើយសកម្មភាពនៅពេលនេះ គឺជាទឹកចិត្តរបស់ថ្នាក់ដឹកនាំរាជធានីភ្នំពេញ ដែលកម្មករបានបម្រើការងារក្នុងការប្រមូលសំរាម បានទាន់ពេលវេលាក្នុងរាជធានី បានល្អប្រសើរ ប្រកបដោយបរិស្ថានល្អ។ អំណោយនេះ និងបានជួយដោះស្រាយចែករំលែកការលំបាកបានមួយគ្រាផងដែរ នៅពេលកម្មករជួបការខ្វះខាតផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ។ សកម្មភាពចុះសាកសួរសុខទុក្ខចែកអំណោយដល់កម្មករ គឺធ្វើឡើងដោយការគិតគូរ និងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។
លោកក៏បានណែនាំដល់កម្មករទាំងអស់ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត ត្រូវត្រៀមអត្តសញ្ញាណប័ណ្ណខ្មែរ ឬលិខិតបញ្ជាក់មួយចំនួននៅពេលដែល ទៅបោះឆ្នោត ហើយបើបាត់អត្តសញ្ញាណប័ណ្ណ ឬឯកសារបញ្ជាក់ សូមទៅសាលាឃុំ ឬសង្កាត់ ដើម្បីសុំការបញ្ជាក់ ពីអាជ្ញាធមូលដ្ឋាន ទើបអាចចូលរួមបោះឆ្នោតបាន ហើយនៅពេលទៅបោះឆ្នោត សូមគូសឱ្យចំឈ្មោះគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កា នៃសន្លឹកឆ្នោត។
ជាមួយគ្នានេះ លោកក៏បានថ្លែងកោតសរសើរដល់កម្មករទាំងអស់ ដែលបានចេញប្រមូលសំរាមយ៉ាងសកម្មតាមគោលដៅនីមួយៗ បានទាន់ពេល បានស្អាតមានអនាម័យ។ និងសូមឲ្យកម្មករប្រមូលសំរាមទាំងអស់ ត្រូវមានអនាម័យខ្ពស់ និងអនុវត្តន៍ចំពោះវិធានការរបស់ក្រសួងសុខាភិបាល សម្រាប់ទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ដើម្បីសុវត្ថិភាពដល់យើងទាំងអស់គ្នាផងដែរ បើទោះជំងឺនេះ មានការធូរស្រាល និងមិនមានការឆ្លងជាច្រើនថ្ងៃមកក៏ដោយនោះ។
សូមបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យក្រុមហ៊ុនចំនួន៣ ដើម្បីប្រតិបត្តិការ លើការប្រមូល និងដឹកជញ្ជូនសំរាម នៅក្នុងរាជធានីភ្នំពេញ៕