សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំពិធីជប់លៀងបន្ទាប់ពីបានបញ្ចប់ភារកិច្ចក្នុងឱកាសព្រឹត្តិការណ៍សៀមរាបសង្រ្កាន្ត នៅលើទឹកដីប្រវត្តិសាស្ត្រ ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ របស់មន្ត្រីរាជការ និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប ក៏ដូចបណ្តាមន្ទីរ អង្គភាពជុំវិញខេត្ត និងរដ្ឋបាលក្រុង ស្រុក ដើមី្បបំបាត់នូវភាពនឿយហត់ពីការបំពេញភារកិច្ចរបស់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ផងនោះ។
នៅល្ងាចថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ រដ្ឋបាលខេត្ត បឋនរៀបចំពិធីជប់លៀងបាយសាមគ្គី ក្នុងមហាគ្រួសាររដ្ឋបាលខេត្តតែមួយ ដើម្បីអបអរសាទបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ក្រោមវត្តមានអញ្ជើញចូលរួមរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និង ឯកឧត្តម ប្រាក់ សុភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអភិបាលរងខេត្ត រួមទាំងឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជា និងពាណិជ្ជករក្នុងខេត្តចូលរួមផងដែរ នៅភោជនីយដ្ឋានវិមានមង្គល ខេត្តសៀមរាប ។
ក្នុងឱកាសនោះ ឯកឧត្តម ទៀ សីហា បានបញ្ជាក់ថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសហភាពសហពន្ធយុវជន ក្នុងឱកាសព្រឹត្តិការណ៍សៀមរាបសង្រ្កាន្តឆ្នាំ២០២២ នៃបរិបទកូវិដនេះ យើងទទួលបាននូវលទ្ធផលជាផ្លែផ្កាជាទីមោទនៈក្រៃលែង សំខាន់ធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ ប្រមាណជិត៥០ម៉ឺននាក់ រួមទាំងភ្ញៀវបរទេស ។ ម៉្យាងទៀតដោយមានការខកខានការជួបជុំជាមហាគ្រួសាររដ្ឋបាលខេត្ត ក្នុងរយៈពេលបរិបទកូវិដ អស់រយៈពេល២ឆ្នាំកន្លងមក ហើយនេះក៏ជាការបើកទំព័រថ្មី នៃការជួបជុំមហាគ្រួសាររដ្ឋបាលខេត្តសៀមរាបជាលើកទី១ក្នុងបរិបទកូវិដ ១៩ផងដែរ ។
ឯកឧត្តម បានបន្តទៀតថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ នឹងធ្វើឲ្យសេដ្ឋកិច្ចជាតិ ប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ នឹងការចាក់ស្រោចវ៉ាក់សាំងប្រឆាំងជម្ងឺកូវិដ.១៩ ចាប់ពីដូសមូលដ្ឋាន ដល់ដូសជម្រុញរបស់រាជរដ្ឋាភិបាល ទើបយើងបានជួបជុំគ្នាក្នុងពេលនេះ ហើយយើងគ្រប់គ្នាក៏ត្រូវបន្តអនុវត្តនូវ វិធានការ ៣កុំ ៣ការពារផងដែរ ។ ជាពិសេសនោះ គឺហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន៣៨ខ្សែ នឹងការកែលំអដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀតក្នុងក្រុងសៀមរាប ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការធ្វើចរាចរណ៍របស់បងប្អូន ដើរកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ គ្មានភាពកកស្ទះ ដូចបណ្តាឆ្នាំមុនៗឡើយ ហើយផ្លូវ៣៨ខ្សែ និង ការកែលំអដងស្ទឹងសៀមរាប ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធរូបវន្តមួយចំនួនទៀត ដែលជាចលករដ៏សំខាន់ក្នុងការស្តារឡើងវិញលើវិស័យទេសចរណ៍នៅខេត្តសៀមរាប ។
ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងផងដែរថា ខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលជាខេត្តវប្បធម៌ដ៏សម្បូរបែប សម្បូរទៅដោយប្រាង្គប្រាសាទ និង រមណីយដ្ឋានធម្មជាតិ ដែលជាគោលដៅរបស់ភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្ត ព្រមទាំងធ្វើឲ្យជីវភាពប្រជាពលរដ្ឋមានភាពប្រសើរឡើង។ កិច្ចការងារដែលខេត្តយើងទទួលបាននាឱកាសនេះ ក៏ដោយការចូលរួមយ៉ាងសកម្មរបស់មន្ត្រីរាជការ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង ប្អូនៗសហភាពសហព័ន្ធយុវជនយើង បានធ្វើឲ្យក្រុងប្រវត្តិសាស្ត្រសៀមរាប.អង្គរ កាន់តែមានសោភណ្ឌភាពស្រស់ត្រកាលនៅពេលរាត្រី និង ប្រកបទៅដោយបរិស្ថាន អនាម័យល្អជាដើម។ ឯកឧត្តម សង្ឃឹមជឿជាក់ថា ចំពោះស្មារតីចូលរួមរបស់យើងទាំងអស់គ្នា នឹងបន្តចូលរួមលើកិច្ចអភិវឌ្ឍន៍ខេត្តបន្តទៀត។ ឯកឧត្តម ក៏បានណែនាំនឹងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងអស់ និងសហភាពសហព័ន្ធយុវជន ដោយបញ្ជាក់ថា នេះជាប្រព័ន្ធថ្មីមួយសម្រាប់ខេត្តសៀមរាប ក្នុងបរិបទកូវិដ.១៩ ដើម្បីស្តារឡើងវិញលើវិស័យទេសចរណ៍ខេត្តសៀមរាប សូមឲ្យយើងទាំងអស់គ្នាជាមហាគ្រួសារតែមូយនៃរដ្ឋបាលខេត្តសៀមរាប ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និង មានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ នឹងរួមគ្នាថែរក្សាការពារសន្តិភាពឲ្យបានគង់វង្ស និង ការអភិវឌ្ឍន៍ខេត្តប្រវត្តិវប្បធម៌មួយនេះ ឲ្យមានការរីកចម្រើន និង លើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងធ្វើការទាក់ទាញដល់អ្នកវិនិយោគិនបរទេស មកធ្វើការវិនិយោគនៅប្រទេសយើងកាន់តែច្រើនឡើង ៕