កម្ពុជា និងឥណ្ឌា បន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូ រវាងកម្ពុជា-ឥណ្ឌា ជាពិសេសការពង្រឹងច្បាប់ និងលើកកំពស់ទំនុកចិត្តលើវិស័យឯកជន។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងឱកាសឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម វណ្ណឡាលវ៉ាណា បាវីតលុង (Vanlalvawna BAWITLUNG) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូនគណៈប្រតិភូ អំពីផែនការអាទិភាពរបស់ក្រសួងសុខាភិបាល ក្នុងអាណត្តិទី៧ ដែលត្រូវចាប់ផ្តើមអនុវត្តរួមមាន ការពង្រឹងសេវាមណ្ឌល សុខភាព មន្ទីរពេទ្យបង្អែកស្រុក-ខេត្ត តាមរយៈការកែលម្អអគារ បំពាក់សម្ភារបរិក្ខារពេទ្យ ឱសថ និងការបណ្តុះបណ្តាលបុគ្គលិក ព្រមទាំងការប្រយុទ្ធនឹងជំងឺមិនឆ្លង ការពង្រឹងសមត្ថភាពភាពជាអ្នកដឹកនាំ និងនិវានុវត្តន៍ និងការអភិវឌ្ឍន៍សុខភាពឌីជីថល។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល គាំទ្រផែនការអាទិភាពរបស់ក្រសួងសុខាភិបាល និងពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ឥណ្ឌាលើការអភិវឌ្ឍន៍សុខភាពឌីជីថល ភាពជាដៃគូរវាងវិស័យសាធារណៈ និងឯកជន ដូចជាការវិនិយោគបង្កើតមន្ទីរពេទ្យកម្រិតអន្តរជាតិដែលមានគុណភាពខ្ពស់ តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រុមការងារបច្ចេកទេសរបស់ក្រសួងសុខាភិបាល។
ឯកឧត្តមសាស្ត្រាចារ្យបញ្ជាក់ជូនថា យើងបន្តរក្សាជំហរពង្រឹងកិច្ចសហប្រតិបត្តិការវិស័យសុខាភិបាល តាមរយៈប្រព័ន្ធថែទាំសុខភាព និងភាពជាដៃគូរវាងកម្ពុជា-ឥណ្ឌា ជាពិសេសការពង្រឹងច្បាប់ និងលើកកំពស់ទំនុកចិត្ត លើវិស័យឯកជន ដើម្បីទទួលបានការគាំទ្រ និងធ្វើឱ្យប្រសើរឡើងនូវសេវាសុខាភិបាលនៅកម្ពុជា ដែលនេះគឺពិតជាការចូលរួមចំណែកជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងសុខាភិបាល ក្នុងការលើក កម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកលនាឆ្នាំ២០៣៥៕