ខេត្តសៀមរាប៖នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ត្រូវបើកដំណើរការដើម្បីទទួលជើងហោះហើរជាលើកដំបូង អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានចម្ងាយពីប្រាសាទ អង្គរវត្ត៤០ គីទ្បូម៉ែត្រ និង៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប ដែលមានទីតាំងស្ថិតនៅ ភូមិក្រៀលពង ឃុំពពេល និងភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប វិនិយោគដោយវិនិយោគគិនចិន ក្នុងផ្ទៃដី៧០០ហិកតា ចំណាយទឹកប្រាក់វិនិយោគប្រមាណជាង១០០០ លានដុល្លារ ដែលជាការវិនិយោគBOT ក្នុងរយៈពេល៥៥ ឆ្នាំ។
ឯកត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរនេះ ជាសមិទ្ធផលដ៏ធំធេងបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ខណៈទុនវិនិយោគចំណាយរហូតដល់ ១,១០០លាន ដុល្លារ។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន និង ជាពិសេសការវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរថ្មីនេះ ដែលជាមរតមនុស្សជាតិ ដែលជំរុញឲ្យសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និងសង្គមសម្រាប់ប្រជាជាតិកម្ពុជា និង សមិទ្ធផលជាប្រវត្តិសាស្ត្រ ដែលបង្ហាញពីឆន្ទៈក្នុងកិច្ចសហប្រតិបត្តិការដែកថែបរវាងប្រទេសទាំងពីរ។ ឯកត្តម បានលើកឡើងទៀតថា «ក្នុងថ្ងៃជាប្រវត្តិសាស្ត្រនេះ ក្នុងនាមសម្តេចធិបតីនាយករដ្ឋមន្រ្តី ខ្ញុំសូមជូនពរឱ្យមិត្តភាព នៃប្រទេសយើងទាំងពីរ (កម្ពុជា-ចិន) កាន់តែរឹងមាំខ្លាំងក្លា និងស្ថិតស្ថេរជាដរាប។
ជាមួយគ្នានោះ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបង្ហាញនៅក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរ ពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ (SAI) នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួល បន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បានបញ្ជាក់ថា៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុន
វិនិយោគរហូតដល់ទៅ ១,១០០ លានដុល្លារ គឺបានផ្តើមចេញសុទ្ធសាធពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រកម្ពុជា-ចិន ក្រោមគំនិតផ្តួចផ្តើមពីថ្នាក់ដឹកនាំរដ្ឋាភិបាលនៃប្រទេសទាំងពីរ ជាពិសេសសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និង ឯកឧត្តម ស៊ី ជិនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ហើយគោលនយោបាយនេះ កំពុងបន្តពូនផ្តុំ និង ថែទាំដោយរាជរដ្ឋាភិបាលកម្ពុជាថ្មី អាណត្តិទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
គួររំលឹកផងដែរថា៖អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ គ្រោងនឹងសម្ភោធជាផ្លូវការអាកាសយាន្តដ្ឋានអន្តរជាតិថ្មីនេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ ក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ ដឹកនាំចិន៕