ព័ត៌មានជាតិ

ក្រសួងសុខាភិបាល ប្រកាសច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា មានស្ត្រីផ្ទៃពោះម្នាក់នៅខេត្តសៀមរាបមានកើតជំងឺអុតស្វា

ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានស្តីពីករណីស្ត្រីមានផ្ទៃពោះ ៨ខែ អវិជ្ជមានវីរុសអុតស្វា នៅខេត្តសៀមរាប ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២ ដោយក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមច្រានចោលទាំងស្រុងនូវការផ្សព្វផ្សាយព័ត៌មាន មិនពិតថា មានស្ត្រី

ពោះម្នាក់ នៅខេត្តសៀមរាបមានកើតជំងឺអុតស្វា និងសូមជម្រាបជូនសាធារណជនទាំងអស់ឱ្យបានជ្រាបថា មន្ទីរពេទ្យខេត្តសៀមរាប បានទទួលអ្នកជំងឺម្នាក់ ដែលជាស្ត្រីមានផ្ទៃពោះ ៨ខែ អាយុ ២៣ឆ្នាំ មានអាស័យដ្ឋាននៅភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។ ស្រ្តីរូបនេះ មានរោគសញ្ញា ចេញពងទឹកនៅលើដើមទ្រូង និងដៃ (ស្រដៀងទៅនឹងជំងឺអុតស្វា) ដែលស្វាមីបាននាំមកពិនិត្យព្យាបាលជំងឺ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

ក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តសៀមរាប ដោយបានសហការជាមួយក្រុមគ្រូពេទ្យឆ្លើយតបបន្ទាន់របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានចុះទៅសាកសួរពិនិត្យ ស្ថានភាពអ្នកជំងឺផ្ទាល់ និងបានយកវត្ថុសំណាករបស់អ្នកជំងឺ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ដើម្បីយកទៅ ពិនិត្យវិភាគនៅមន្ទីរពិសោធន៍ប៉ាស្ទ័រកម្ពុជា ដោយទទួលបានលទ្ធផលអវិជ្ជមានវីរុសអុតស្វា_នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២២។
បច្ចុប្បន្ននេះ គាត់មានស្ថានភាពវិវត្តន៍ទៅរក ការធូរស្រាលជាបណ្តើរៗ ក្រោមការជួយពិនិត្យ តាមដាន និងព្យាបាលជំងឺនេះជូនគាត់ ដោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តសៀមរាប។

អាស្រ័យហេតុដូចបានជម្រាបជូនខាងលើ សូមបងប្អូនសាធារណជនមេត្តាជ្រាប និងសូមចូលរួមអនុវត្ត វិធានការការពារការចម្លងវីរុសអុតស្វាទាំងអស់គ្នា តាមការណែនាំរបស់ក្រសួង ដែលបានចេញផ្សាយ ជារឿយៗ មកហើយ។ ប្រសិនបើមានចម្ងល់លើករណីនេះ ឬសំរាប់ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរស័ព្ទ ១១៥ ឬ តាម លេខ ០១២ ៨២៤ ៤២៤ ឬ ០១២ ៨៣៦ ៨៦៨ ឬ ០១២ ៩៥៨ ១៧៩៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *